Connect with us

ត្រូវក្មេងទំនើងវាយធ្វើបាបជាង១សប្តាហ៍ តែត្រូវបង្ខំចិត្តទទួលប្រាក់សំណង ២០០០ ដុល្លារ ដើម្បីបញ្ចប់រឿងដោយសំអាងថា គ្មានលទ្ធភាពដើម្បីតវ៉ាក្តី

ភ្នំពេញ៖ រឿងហេតុដែលបានកើតឡើងកាលពីម្សិលមិញ នៅវិទ្យាល័យផ្សារដើមថ្កូវ បានធ្វើឱ្យកក្រើកនៅលើបណ្តាញសង្គមខ្លាំង រហូតដល់មានការចែករំលែកតៗគ្នាជាច្រើនផងដែរ។ រឿងហេតុដែលក្មេងទំនើង៤នាក់ ព្រួតគ្នាវាយក្មេងស្រីម្នាក់ នៅក្នុងថ្នាក់រៀនរហូតត្រូវម្តាយក្មេងស្រីជនរងគ្រោះ ដាក់ពាក្យប្តឹងផ្តល់ ផ្អើលអស់សមត្ថកិច្ច ឈានដល់ការចាប់ខ្លួនជនដៃដល់ ដើម្បីដោះស្រាយតាមផ្លូវច្បាប់កាលពីម្សិលមិញ។

រឿងហេតុនេះ បានកើតឡើងជាង១សប្តាហ៍មកហើយ ប៉ុន្តែដោយសារជនដៃដល់ បានធ្វើការគំរាមដល់ក្មេងស្រីរងគ្រោះ ទើបនាងមិនហ៊ានប្រាប់ឪពុកម្តាយ ឱ្យបានដឹង ទោះជាយ៉ាងណា ក្រដាសខ្ចប់ភ្លើងមិនជិតឡើយ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ គឺឪពុកម្តាយក្មេងស្រីរងគ្រោះ ព្រមទទួលសំណងចំនួន ២០០០ ដុល្លារ ទាំងទឹកភ្នែក ដើម្បីបញ្ចប់រឿងដោយសំអាងថា គ្រួសារមានមុខរបរ និងការងារបន្តិចបន្តួច ក្នុងការរកប្រាក់ចំណូលចិញ្ចឹមជីវិត គ្មានលទ្ធភាពតវ៉ារឿងក្តីឡើយ។

ទន្ទឹមនឹងនោះផងដែរ ក៏មានមនុស្សជាច្រើន មានការមិនសុខចិត្តជំនួសក្មេងស្រីរងគ្រោះ ដែលត្រូវគេវាយធ្វើបានរហូតដល់មានស្នាមរបួសពេញខ្លួន តែបែរជាបង្ខំចិត្តព្រមទទួលប្រាក់សំណងត្រឹម ២០០០ ដុល្លារដើម្បីបញ្ចប់រឿងបែបនេះ។

គួរបញ្ជាក់ដែរថា ក្មេងស្រីរងគ្រោះបានប៉ះទង្គិចអារម្មណ៍ជាខ្លាំងរហូតដល់ឪពុកនាងកំពុងស្វែងរកពេទ្យចិត្តសាស្ត្រជួយពិនិត្យសុខភាពផ្លូវចិត្តទាំងផង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម