Connect with us

អ្នកជំនាញថា ដកដង្ហើមនៅទីក្រុងដែលខ្យល់ត្រូវបានបំពុល អាចបង្កជាជំងឺគាំងបេះដូង

បរទេស៖ ការសិក្សាថ្មីមួយ បានរកឃើញថា ការដង្ហើមចេញចូលនូវខ្យល់ពុល អាចបង្កជាជំងឺគាំងបេះដូងបាន។ ខ្យល់ពុលនេះ សំដៅលើការបំពុលពីផ្សែងយានយន្ត និងការដុតកាកសំណល់ ជាដើម។

អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Yale បានឱ្យដឹងដូច្នេះថា ការកើនឡើងនៃខ្យល់ពុល និងភាគល្អិត ដែលអាចជ្រៀតចូលក្នុងសរសៃឈាម បានរួមចំណែកក្នុងការវិវឌ្ឍទៅរកជំងឺគាំងបេះដូង ប្រសិនបើអ្នកទទួលទានមិនបានល្អ និងមិនបានហាត់ប្រាណឱ្យបានត្រឹមត្រូវ។

ការសិក្សារបស់ពួកគេ ត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Environmental Health Perspectives ដោយត្រូវបានសិក្សាលើអ្នកជំងឺជិត ៦០០០នាក់ ចន្លោះពីឆ្នាំ២០០៥ ដល់ ២០១៥។ ការសិក្សាដដែលនេះ ក៏បានរកឃើញដែរថា ការដកដង្ហើមនូវខ្យល់ពុលបង្កដោយផ្សែងយានយន្ត អាចបង្កជាមេរោគសួត និងបេះដូង ព្រមទាំងធ្វើឱ្យកើតជំងឺហឺត និងរលាកទងសួត។

របាយការណ៍របស់អង្គការសុខភាពពិភពលោក បានព្យាករថា មនុស្ស ៧លាននាក់ នៅទ្វីបអាស៊ី និងអាហ្វ្រីក បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែខ្យល់ពុល។ ការសិក្សាមួយដែលចេញផ្សាយនៅខែសីហា ឆ្នាំ២០១៨ មកពីសាកលវិទ្យាល័យ Texas បានរកឃើញថា ការបំពុលខ្យល់ បានធ្វើឱ្យអាយុរបស់ប្រជាជននៅទូទាំងពិភពលោក ថយចុះជាមធ្យម ២ឆ្នាំ៕

ប្រភព៖ Daily Mail

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម