Connect with us

ឈ្វេងយល់ពីអត្ថន័យហេតុអ្វីបានជាប្រជាជនចិននិយមការលោត ម៉ុងសាយ?ក្នុងរដូវចូលឆ្នាំម្តងៗ

ភ្នំពេញៈ រៀងរាល់រដូវកាលចូលឆ្នាំចិនម្តងៗ ប្រជាជនកម្ពុជាដែលជាប់សែស្រឡាយចិននៅកម្ពុជា ក៏បានចូលរួមអបអរសាទរ និងប្រារព្ធពិធីបែបប្រពៃណីចិនមួយនេះផងដែរ។
នៅតាមដងផ្លូវ អគារ ផ្សារទំនើប គេក៏អាចសង្កេតឃើញ មានបិទក្រដាសពណ៌ក្រហមៗ តាមជញ្ជាំងមានអក្សរចិនផង រួមទាំងការដាក់តាំងគោម និងវត្ថុតាំងលម្អជាច្រើនទៀត ខណៈប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនជាច្រើនទៀត នាំគ្នារៀបចំ តុបតែងផ្ទះ ទិញទំនិញ ផ្លែឈើ ជ្រូកខ្វៃ មាន់ ទា ធូប ទៀន ផ្គាអង្គាសីល ក៏ដូចជាគ្រឿងទេសដទៃទៀតសម្រាប់សែនព្រេនទៅតាមប្រពៃណីទំនៀមទម្លាប់របស់គេ។

បើតាមតួលេខរបស់សមាគមចិននៅកម្ពុជា កូនខ្មែរមានឈាមជ័រចិនដែលកំពុងរស់នៅប្រទេសកម្ពុជាសព្វថ្ងៃមានចំនួនប្រមាណជា ៧០ ម៉ឺននាក់។
តើម៉ុងសាយជាអ្វី? ហេតុអ្វីបានជាប្រជាជនចិននិយមការលោត ម៉ុងសាយ?
ម៉ុងសាយជាក្រុមរបាំប្រពៃណីចិនរួមសម្ដែងដោយសិល្បករពាក់ក្រណាត់ច្នៃជារូបតោហក់លោតធ្វើត្រាប់តាមកាយវិការសត្វសាហាវពិតៗកំដរដោយអ្នកវាយស្គរលាន់ទ្រហឹងអឺងអាប់ឲ្យស៊ីទៅនឹងចង្វាក់នៃការលោតផ្លោះរបស់តោ។ របាំនេះមានគោលបំណងបណ្ដេញឬកម្ចាត់ភាវៈអាក្រក់ឧបទ្រពចង្រៃផងទាំងពួងដើម្បីនាំមកនូវសិរីសួស្ដីដល់ក្រុមគ្រួសារម្ចាស់ផង។

ម៉ុងសាយជាទូទៅត្រូវបានសម្តែងឡើងនៅក្នុងពេលបុណ្យចូលឆ្នាំចិន និងពិធីបុណ្យប្រពៃណីរបស់ជនជាតិចិនមួយចំនួនទៀត។ ការរាំឡកម៉ុងសាយក៏អាចធ្វើឡើងសម្រាប់ឱកាសពិសេសដូចជាការបើកសម្ពោធហាងថ្មី ការប្រារព្ធពិធីបុណ្យពិសេសណាមួយក្នុងពិធីមង្គលការ ឬក្នុងពេលដែលទទួលភ្ញៀវកិត្តិយសណាម្នាក់ក៏បាន។
ការរាំម៉ុងសាយគឺជាញឹកញាប់ត្រូវបានគេច្រឡំនឹងរបាំនាគ ។ អ្វីដែលជាការងាយស្រួលសម្គាល់ពីការរាំម៉ុងសាយ ថាជាទូទៅការរាំម៉ុងសាយត្រូវការមនុស្សតែពីរនាក់ទេផ្ទុយពីរបាំនាគដែលគេត្រូវការមនុស្សច្រើន។ ម្យ៉ាងរាំម៉ុងសាយគេមិនងាយឃើញមុខអ្នករាំទេព្រោះគ្របជិតដោយសម្លៀកបំពាក់តោខណៈដែលរបាំនាគគឺអាចមើលឃើញអ្នករាំច្បាស់ព្រោះនាគគេគ្រាន់តែកាន់នឹងបង្គោលប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មាន ទាក់ទងនឹងតម្លៃនៃការលោតសម្តែងម៉ុងសាយម្តងៗ មិនមានជាការបែងចែកតម្លៃពិតប្រាកដជាក់ស្តែងនោះទេ។ ផ្ទុយទៅវិញគឺអាស្រ័យទៅលើសទ្ធាជ្រះថ្លារបស់អតិថិជនដែលមានបំណងចង់ជួយដល់សមាគម។ អាំងប៉ាវ ចាប់ពី ២០០ ដុល្លារ ដល់ ២០០០ ដុល្លារក៏មាន។
យ៉ាងណាក្តី លោកក៏បានកត់សម្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកដែលជួលក្រុមម៉ុងសាយទៅលោតមានការថយចុះ ដោយហេតុថា ប្រជាជនមួយចំនួនជ្រើសរើសការដើរកម្សាន្តនៅតាមខេត្តនានាជាមួយក្រុមគ្រួសារនៅថ្ងៃចូលឆ្នាំចិន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម