Connect with us

សម្តេចតេជោ ហ៊ុន សែន ៖ មរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner គឺជាការបាត់បង់ជនដ៏មហិមារមួយរូប ដែលប្តូរផ្តាច់ជួយសង្គ្រោះកុមារ និងស្ត្រីកម្ពុជារាប់លាននាក់

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងលិខិត ផ្ញើរទៅកាន់ប្រធានាធិបតីសហព័ន្ធស្វីស បានសម្តែងនូវការសោកស្តាយចំពោះដំណឹងដ៏ក្រៀមក្រំបំផុត អំពីអនិច្ចកម្មនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ របស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជា នៅប្រទេសកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក មរណភាពរបស់លោកវេជ្ជបណ្ឌិត គឺ ជាការបាត់បង់ជនដ៏មហិមារមួយរូប ដែលប្តូរផ្តាច់មិនគិតពីខ្លួនឯង ក្នុងការជួយសង្គ្រោះកុមារនិងស្ត្រីកម្ពុជារាប់លាននាក់ ចាប់តាំងពីឆ្នាំ១៩៩២»។


ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី សូមសម្តែងនូវសមានទុក្ខយ៉ាងស្មោះស្ម័គ្របំផុត តាមរយៈឯកឧត្តម ប្រធានាធិបតីស្វីស ជូនគ្រួសារសពដែលបានបាត់បង់ សមាជិកជាទីស្រលាញ់របស់ខ្លួន។ ស្មារតី និងសមិទ្ធិផលដ៏ថ្លៃថ្លារបស់សពលោកវេជ្ជបណ្ឌិតនឹងស្ថិតក្នុងបេះដូងសម្តេច និង ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។ លើសពីនេះ មេត្តាធម៌ និងបេះដូងប្រកបដោយក្តីស្រលាញ់របស់លោកវេជ្ជបណ្ឌិត ចំពោះប្រទេសកម្ពុជានឹងត្រូវ បានចងចាំជារៀងរហូត។


ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាង នឹងបន្តបំណងប្រាថ្នារបស់លោកវេជ្ជបណ្ឌិត Beat Richner ក្នុងការជួយកុមារកម្ពុជា នៅក្នុងបណ្តាឆ្នាំខាងមុខទៀត។

សូមបញ្ជាក់ថា បន្ទាប់បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម