Connect with us

អតីតកីឡាករបាល់បោះដែលមានលុយ៦០០លានដុល្លារ ស្លា ប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

បរទេស៖ អតីតកីឡាករបាល់បោះ NBA របស់អាមេរិក Kobe Bryant បានទទួលមរណភាព ដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅទីក្រុង Calabasas រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។

Kobe ដែលមានអាយុ៤១ឆ្នាំ រួមទាំងកូនស្រី អាយុ ១៣ឆ្នាំ Gianna Maria-Onora បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុដ៏គួរឱ្យរន្ធ ត់នេះ។ សេចក្ដីរាយការណ៍បានឱ្យដឹងថា មានមនុស្ស ៩នាក់នៅលើឧទ្ធម្ភាគចក្រនោះ។ ឧទ្ធម្ភាគចក្រ បានធ្លាក់ពេលហោះទៅកាន់មជ្ឈមណ្ឌល Mamba ។ ហេតុការណ៍ បានកើតឡើងនៅម៉ោង ១០ព្រឹក នៅអាមេរិក ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០ ដោយឧទ្ធម្ភាគចក្រ បានធ្លាក់នៅទីដាច់ស្រយាលមួយ ដែលគ្មានមនុស្ស។

សាក្សី ដែលស្ថិតនៅជិតទីតាំងកើតហេតុ បានឱ្យដឹងថា គេបានឮសំឡេងផ្ទុះម្ដងហើយម្ដងទៀត មុននឹងឧទ្ធម្ភាគច្រកធ្លាក់។ យ៉ាងណាមិញ មូលហេតុពិតប្រាកដ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

យោងតាមប្រភពបរទេស អតីតកីឡាករបាល់បោះដ៏មានកេរ្តិ៍ឈ្មោះនេះ មានទ្រព្យសម្បត្តិ ៦០០លានដុល្លារអាមេរិក។ រូបគេ ត្រូវបានចាត់ទុកជាកីឡាករបាល់បោះដ៏អស្ចារ្យម្នាក់ ក្នុងប្រវត្តិសាស្ត្រ ដោយរួមចំណែកឱ្យក្រុមរបស់ខ្លួន ឈ្នះជើងឯក NBA ៥លើក ឈ្នះពានរង្វាន់កីឡាករឆ្នើមនៅវគ្គផ្តាច់ព្រ័ត្រ NBA ២លើក និងកីឡាករឆ្នើម NBA ក្នុងរដូវកាល ២០០៨។ ក្រុមដែលគេធ្លាប់លេង មានCharlotte Hornets និង Los Angeles Lakers ។ គេបានចូលនិវត្តន៍ នៅខែមេសា ឆ្នាំ២០១៦៕

ប្រភព៖ Express

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម