Connect with us

ពិតជាមិនគួរអោយជឿ ក្នុងមួយថ្ងៃ នៅទូទាំងប្រទេស មានការប្រើប្រាស់ថង់ប្លាស្ទីកប្រមាណ ២០តោន ហើយការទុកដាក់សម្រាមនេះ កំពុងបង្កក្តីព្រួយបារម្ភ

ភ្នំពេញ ៖ នៅប្រទេសកម្ពុជា តាមការប៉ាន់ប្រមាណ មានការប្រើប្រាស់ថង់ប្លាស្ទិកនៅទូទាំងប្រ ទេស នាពេលបច្ចុប្បន្ននេះ គិតជាមធ្យមប្រមាណជា ២០តោន ក្នុងមួយថ្ងៃ ហើយថង់ភាគច្រើនត្រូវបានគេនាំចូលពីប្រទេសវៀតណាម និងថៃ ។


ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញមកពីឧស្សាហកម្មទេសចរណ៍ផ្នែកឯកជន និងអ្នកជំនាញសេដ្ឋកិច្ច បង្ហាញពីការព្រួយបារម្ភចំពោះការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋ មិនមានរបៀបរៀបរយ បោះចោលពាសវាលពាសកាល ដែលនឹងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម និង សុខភាព។ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានទទូចឲ្យស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ត្រូវមានវិធានការថ្នាក់ជាតិមួយ ដែលកំណត់ទិសដៅច្បាស់ ជាពិសេស ត្រូវមានការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់លើកិច្ចការងារនេះ ស្របតាមអនុសាសន៍របស់ សម្តេចនាយករដ្ឋមន្ត្រី កាលពីមេសា ឆ្នាំ២០១៤។


លោក បានថ្លែងថា ប្រសិនបើនៅតែបណ្តែតបណ្តោយឲ្យមានការបោះចោលសំរាមគ្មានរបៀបរៀបរយដូចសព្វថ្ងៃនេះទៀត ច្បាស់ណាស់វានឹងបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងសុខភាពប្រជាពលរដ្ឋ ក្នុងទំហំធំធេងដែលយើងពិបាកនឹងប៉ាន់ស្មាន។ ដោយឡែក ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា លោក មានការព្រួយបារម្ភជាខ្លាំងចំពោះការប្រើប្រាស់ថង់ប្លាស្ទិករបស់ប្រជាជនមានបរិមាណច្រើន ឡើងៗ ដែលនឹងបង្កបញ្ហាលំបាកដល់សង្គម និងបរិស្ថាន ។


បើតាមរបាយការណ៍ពីឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឲ្យដឹងថា បរិមាណនៃការប្រើប្រាស់ថង់ប្លាស្ទិក នៅប្រទេសកម្ពុជា នៅតែមានច្រើន និងគ្រប់ប្រភេទ គឺ មានចាប់តាំងពីថង់តូច រហូតដល់ថង់ធំ ដែលជាហេតុផ្តល់ការលំបាកក្នុងការគ្រប់គ្រង ក៏ដូចជាកែច្នៃឡើងវិញ ។ ឯកឧត្តម បញ្ជាក់ថា តាមការសិក្សា បានបង្ហាញថា ការប្រើប្រាស់ថង់ប្លាស្ទិកនៅរាជធានីភ្នំពេញជា មធ្យមក្នុងមនុស្សម្នាក់ប្រើប្រាស់យ៉ាងតិចចំនួន ៥ថង់ក្នុងមួយថ្ងៃ ដែលជាចំនួនប្រើក្នុងកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភបំផុត ។


ឯកឧត្តម បានឲ្យដឹងទៀតថា ភាគរយនៃថង់ប្លាស្ទិក ក្នុងបរិមាណសំរាមដែលប្រមូលបានតាម រយៈការបោសសំអាតផ្លូវក្នុងទីក្រុងធំៗ មានប្រមាណ ១៧,៣ភាគរយ ក្នុងរាជធានីភ្នំពេញ, ២០,៧ភាគរយ នៅក្នុងខេត្តសៀមរាប និង ៣៤ភាគរយ នៅក្នុងខេត្តព្រះសីហនុ ដោយក្នុងរាជធានីភ្នំពេញ ត្រូវប៉ាន់ប្រមាណថា មានថង់ប្លាស្ទិកប្រមាណជា១០លានថង់ ប្រើជារៀងរាល់ថ្ងៃ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម