Connect with us

ក្រុមហ៊ុនចិន កំពុងតែរីករាយ និងចាប់ផ្តើមសម្រុកផលិត ផលិតផលសូឡា ដើម្បីនាំចូលទៅកាន់សហភាពអ៊ឺរ៉ុប ក្រោយការលុបចោលវិធានការណ៍រឹតបណ្តឹង

ប្រទេសចិន ៖ ក្រុមហ៊ុនចិនដែលផលិតបន្ទះសូឡា កំពុងចង់ពង្រីកទីផ្សាររបស់ខ្លួនឱ្យកាន់តែទូលំទូលាយ បន្ទាប់ពីសហភាពអឺរ៉ុប បានប្រកាសកាលពីពេលថ្មីៗនេះ អំពីការលុបចោលវិធានការប្រឆាំងនឹងការលក់ទំនិញនាំចូលដែលមានតម្លៃទាបជាងទីផ្សារ និងវិធានការប្រឆាំងនឹងទំនិញនាំចូល ដែលមានជំនួយទ្រទ្រង់ពីប្រទេសដែលនាំចេញ ទៅលើបន្ទះសូឡារបស់ប្រទេសចិន ដែលនាំចូលមកកាន់សហភាពអឺរ៉ុប។

ផលិតផលចិនសម្រាប់ផលិតថាមពលអគ្គីសនីពីពន្លឺព្រះអាទិត្យ ដែលយកមកលក់នៅសហភាពអឺរ៉ុប នឹងមិនចាំបាច់ត្រូវគោរពតាមគោលការណ៍តម្លៃអប្បបរិមាសម្រាប់ទំនិញនាំចូលរបស់សហភាពអឺរ៉ុប ដែលហៅកាត់ថា MIP ទៀតនោះទេ។ នេះ ក៏ដោយសារតែមានការលុបចោលបំរាមលើបន្ទះសូឡាដែលនាំចូលពីប្រទេសចិន ដែលគេបានអនុវត្តរយៈពេល៥ឆ្នាំកន្លងទៅនេះ។ វាជាដំណឹងដ៏ល្អសម្រាប់ក្រុមហ៊ុនចិនជាច្រើន ដែលផលិតសម្ភារៈសម្រាប់ផលិតថាមពលអគ្គីសនីពីពន្លឺព្រះអាទិត្យ ។

លោក វ៉ាង លីចឹង អនុប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបំឡែងពន្លឺព្រះអាទិត្យក្រហម ហ៊ូណាន បានលើកឡើងថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ពិតជាជួយដល់ពួកគាត់ បានចំពេលតែម្តង។ វាផ្តល់ឱ្យពួកគាត់នូវទីផ្សារថ្មីមួយ សម្រាប់ផលិតផលដែលបានផលិត ។

ដោយឡែក លោក ស៊ូ ឡី ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន សិនជិន សូហ្វ៉ា សូឡា ក៏បានលើកឡើង ផងដែរថា វាពិតជាដំណឹងដ៏ល្អមែន ដោយសារក្រុមហ៊ុនរបស់លោក ផលិតឧបករណ៍បំឡែងពន្លឺព្រះអាទិត្យ។ កាលពីមុន ក្រុមហ៊ុនរបស់ធ្លាប់តែសហការជាមួយក្រុមហ៊ុនដែលលក់គ្រឿងបង្គំធំៗ ដើម្បីដាក់លក់ផលិតផលរួមគ្នា នៅអឺរ៉ុប។ ប៉ុន្តែ ដោយសារតែមានវិធានការដ៏តឹងតែង អំពីការប្រឆាំងនឹងការលក់ទំនិញនាំចូលដែលមានតម្លៃទាបជាងទីផ្សារ និងវិធានការប្រឆាំងនឹងទំនិញនាំចូលដែលមានជំនួយទ្រទ្រង់ពីប្រទេសដែលនាំចេញ ក្រុមហ៊ុនផលិតគ្រឿងបង្គុំធំៗទាំងនោះ ពិបាកធ្វើអាជីវកម្មណាស់។

គួររំលឹកថា គោលការណ៍របស់សហភាពអឺរ៉ុប រួមមាន ដូចជា ការកំណត់តម្លៃនិងចំនួនអប្បបរិមានៃទំនិញសូឡា ដែលសហភាពអឺរ៉ុបអនុញ្ញាតឱ្យនាំចូលពីប្រទេសចិន។ មុនពេលមានការរឹតបន្តឹងនេះ សហភាពអឺរ៉ុប ធ្លាប់ជាអតិថិជនដែលទិញផលិតផលសូឡាច្រើនបំផុតរបស់ប្រទេសចិន ដោយបានទិញ៧០ភាគរយ នៃផលិតផលសូឡាសរុប ដែលចិននាំចេញ ក្នុងឆ្នាំ២០១១។

អតិថិជននៅប្រទេសតួគី បារាំង អាល្លឺម៉ង់ និងអង់គ្លេស សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ថាចង់ទិញផលិតផលសូឡារបស់ចិន ហើយប្រទេសទាំងនោះ ទំនងជានឹងចាប់ផ្តើមទិញនៅដើមឆ្នាំក្រោយនេះឯង។ ក្រសួងពាណិជ្ជកម្មចិន សង្ឃឹមថា ការជួញដូរទំនិញសូឡារបស់ចិនជាមួយសហភាពអឺរ៉ុប នឹងត្រលប់មកដូចដើមវិញ ហើយអ្នកវិភាគម្នាក់និយាយថា គេមិនទាន់អាចព្យាករណ៍បានទេ ថាតើទំហំនៃការជួញដូរនេះ នឹងត្រលប់មកដូចដើមវិញ បានដល់កម្រិតណានោះ។

ទិន្នន័យពីក្រុមហ៊ុន IHS Markit បង្ហាញថា នៅឆ្នាំក្រោយ សហភាពអឺរ៉ុប នឹងត្រូវការដំឡើងបន្ទះសូឡា ច្រើនជាងមុនដល់ទៅ៤០ភាគរយ ហើយផលិតផលដែលនាំចូលពីប្រទេសចិន នឹងអាចបំពេញតម្រូវការទាំងនោះបាន ព្រមទាំងនឹងធ្វើឱ្យតម្លៃបន្ទះសូឡាដែលដាក់លក់នៅអឺរ៉ុប ចុះថោកជាងមុន ដល់ទៅ១ភាគ៣ឯណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម