Connect with us

មកស្វែងយល់ពីមូលហេតុ ៤ ដែលបណ្តាលអោយអ្នកគេងមិនលក់ ឬ ពិបាកគេង

ភ្នំពេញ ៖ ការគេងមិនលក់ គឺជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់ សម្រាប់គេងក៏ដោយ។ ការគេងមិនលក់ អាចជាការគេងក្រលក់ ការភ្ញាក់ច្រើនដង ឬការឆាប់ភ្ញាក់ ហើយគេងទៅវិញមិនលក់ ជាដើម។

នេះបើយោងតាមគេហទំព័រ Facebook របស់មន្ទីរពេទ្យកាល់ម៉ែត ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ ។ ការគេងមិនលក់ អាចបណ្ដាលមកពី មូលហេតុចំនួន៤យ៉ាងសំខាន់ៗ ដូចជា៖

  1. មូលហេតុផ្លូវកាយ៖ ក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺត រលាកឆ្អឹងប្រហោងមុខ ជាដើម។
  2. មូលហេតុផ្លូវចិត្ត៖ មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បារ មានអារម្មណ៍សោកសៅ ជាដើម។
  3. មូលហេតុទាក់ទងនឹងរបៀបរបបរស់នៅ៖ ផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន គេងមិនទៀងពេល ជាដើម។
  4. មូលហេតុទាក់ទងនឹងបរិស្ថាន៖ កន្លែងគេងមានសម្លេងរំខាន បរិយាកាសអាប់អួរ កន្លែងគេងមានពន្លឺខ្លាំងពេក រស់នៅគ្នាច្រើន ជាដើម។

ដោយឡែកផលវិបាក នៃការគេងមិនលក់វិញ គឺបណ្តាលឲ្យយើង ងងុយគេងនៅពេលថ្ងៃ, អស់កម្លាំង, អារម្មណ៍មិនមូល, ការចងចាំចុះអន់ថយ, ពិបាកសម្រេចចិត្ត, ឆាប់ខឹងមួម៉ៅ, អន្ទះអន្ទែង ងាយមានគ្រោះថ្នាក់ផ្សេងៗ ជាដើម។

វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត បានផ្តល់ដំបូន្មានថា ការគេងមិនលក់ញឹកញាប់ និងក្នុងរយៈពេលយូរ ទាមទារឲ្យមានការពិគ្រោះ និងវាយតម្លៃឲ្យបានដិតដល់ ដើម្បីព្យាបាលទៅតាមមូលហេតុ ដែលនាំឲ្យគេងមិនលក់។ ការប្រើប្រាស់ថ្នាំងងុយគេង ដោយចិត្តឯង មិនមែនជាជម្រើសល្អទេ ព្រោះការប្រើវាយូរៗទៅ អាចបណ្ដាលឲ្យប្រើលែងត្រូវ និងត្រូវការប្រើថ្នាំកាន់តែច្រើនទៅៗ។ វេជ្ជបណ្ឌិត បានណែនាំឲ្យទៅទទួលសេវាពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ដើម្បីជាគុណប្រយោជន៍ដល់សុខភាព៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម