Connect with us

តើការប្រកាសអាសន្នទូទាំងពិភពលោករបស់ WHO ទាក់ទងនឹងវីរុសកូរ៉ូណា មានន័យដូចម្ដេច?

ចិន៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសដាក់ភាពអាសន្នទូទាំងពិភពលោក ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី បន្ទាប់ពីចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២១៣នាក់ ហើយនៅក្នុងប្រទេសចិន និងមានអ្នកឆ្លងជិត ១ម៉ឺននាក់។

គិតមកទល់ថ្ងៃនេះ វីរុសកូរ៉ូណាថ្មី ដែលបានផ្ទុះឡើងក្នុងទីក្រុងវូហាន ប្រទេសចិន ក៏ត្រូវបានរកឃើញក្នុងប្រទេសចំនួន ២២ផ្សេងទៀតផងដែរ ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំង ខណៈបណ្តាប្រទេសជាច្រើន បានលុបចោលជើងហោះហើរ ជាមួយប្រទេសចិន និងហាមឃាត់ជនជាតិចិន មិនឱ្យធ្វើដំណើរចូលប្រទេសរបស់ខ្លួនទៀតផង។

តាមរយៈការដាកភាពអាសន្នជាសាកលនេះ អង្គការសុខភាពពិភពលោក ជំរុញឱ្យបណ្តាប្រទេសនានា ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុសថ្មីនេះ និងការរឹតបណ្តឹងការធ្វើដំណើរទៅកាន់ប្រទេសចិន។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ “ ការព្រួយបារម្ភ ដ៏ធំរបស់យើងនាពេលនេះ គឺការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុសនេះ ទៅកាន់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ ដូចនេះ យើងត្រូវតែធ្វើសកម្មភាពរួមគ្នា ដើម្បីកម្រិតការរីករាលដាល ហើយងមានតែយើងរួមគ្នាទេ ទើបអាចបញ្ឈប់មេរោគនេះបាន”។

យោងតាមប្រភព The Hill ការប្រកាសអាសន្នជាសាកលរបស់ WHO នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងអង្គការនានា នៅជុំវិញពិភពលោក ដើម្បីទប់ស្កាត់វីរុស តាមរយៈការផ្ដល់កម្លាំង មូលនិធិ និងធនធានដែលមានតម្លៃផ្សេងៗ។ មិនតែប៉ុណ្ណោះ ការប្រកាសនេះ នឹងដាក់ការរឹតបន្តឹងនៅបណ្ដាទីក្រុង តំបន់ និងប្រទេសនានា។ WHO អាចមានសិទ្ធិក្នុងការពិនិត្យឡើងវិញនូវវិធានការផ្នែកសុខភាពសាធារណៈ របស់បណ្ដាប្រទេសនានា ដើម្បីធានាថា មានស្ដង់ដារត្រឹមត្រូវ៕

ប្រភព៖ CNA

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម