Connect with us

វីវរហើយ! តំបន់ទីបេ ដែលជាឃ្លាំងស្តុកទឹករបស់ទ្វីបអាស៊ី កំពុងមានការប្រែប្រួលខ្លាំង បង្កអោយមានក្តីព្រួយបារម្ភសម្រាប់ប្រទេសក្នុងតំបន់ ក្នុងនោះមានទាំងកម្ពុជាផង

ទីបេ ៖ តំបន់ខ្ពង់រាប ឈីងហាយ-ទីបេ ត្រូវបានគេដាក់ឈ្មោះឱ្យថាជា “ឃ្លាំងស្តុកទឹករបស់ទ្វីបអាស៊ី” ដោយសារទន្លេជាច្រើននៅអាស៊ី មានប្រភពចេញពីទីនេះ ។ បច្ចុប្បន្ន តំបន់នេះ កំពុងមានបញ្ហា អតុល្យភាពនៃប្រព័ន្ធទឹករបស់វា នេះបើយោងតាមក្រុមអ្នកស្រាវជា្រវមួយក្រុម ដែលបានមកធ្វើការស្រាវជ្រាវជាទ្រង់ទ្រាយធំ លើកទី២ នៅតំបន់នោះ ។

ការស្រាវជ្រាវ ដែលដឹកនាំដោយបណ្ឌិតសភាវិទ្យសាស្ត្រចិន មានក្រុមអ្នកស្រាវជ្រាវចូលរួមចំនួនជាង៦០ក្រុម នៅតំបន់ទីបេ ដែលជាឃ្លាំងស្តុកទឹកកកធំបំផុតលំដាប់ទី៣ក្នុងពិភពលោក។ គេចាត់ទុកតំបន់ខ្ពង់រាបនេះ ថាមានសារៈសំខាន់ ស្មើនឹងតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងទៅហើយ បើនិយាយអំពីតួនាទីរបស់វា ក្នុងការគ្រប់គ្រងអាកាសធាតុក្នុងពិភពលោក និងការព្យាករណ៍ការប្រែប្រួលអាកាសធាតុរបស់ពិភពលោកទាំងមូល ។

ប៉ុន្តែ លទ្ធផលស្រាវជ្រាវចុងក្រោយបំផុតដែលរៀបរៀងដោយក្រុមអ្នកស្រាវជ្រាវទាំងនេះ បង្ហាញថា ស្ថានភាពដុំទឹកកក បឹង និងទន្លេ នៅតំបន់ខ្ពង់រាប ឈីងហាយ-ទីបេ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំង។

តាមរយៈបទបង្ហាញ លោក ស៊ូ ប៉ឈីង អ្នកស្រាវជ្រាវ វិទ្យាស្ថានឈីងហាយទីបេ នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន បានបង្ហាញថា វាមានអតុល្យភាពចំនួន៣ចំនុច ។ ចំនុចទី១ គឺអតុល្យភាពរវាងអត្រាទឹកកក និងទឹករាវ ដោយផ្ទាំងទឹកកក និងជម្រាលភ្នំមានទឹកកក តិចជាងមុន ហើយទន្លេនិងបឹងវិញ មានទឹករាវកាន់តែច្រើន ។

ចំនួនទឹកកកដែលរលាយ បានកើនឡើងហើយ ។ ឯចំនុចទី២ នោះ គឺ អតុល្យភាពនៅក្នុងផ្ទៃផ្ទាំងទឹកកកតែម្តង ដោយសារតែផ្នែកខាងក្នុងនៃផ្ទាំងទឹកកក ឡើងក្តៅកាន់តែខ្លាំង ។ ដោយឡែក ចំនុចទី៣ គឺតំបន់ខ្ពង់រាបនេះ ចែកចាយទឹកទៅកាន់តំបន់ផ្សេងៗ មិនស្មើគ្នាទេ ដោយវាបញ្ជូនទឹកទៅប៉ែកខាងកើត និងខាងជើង ច្រើនជាងបញ្ជូនទៅប៉ែកខាងលិចនិងខាងត្បូង។

ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ផ្ទាំងទឹកកកនិងជម្រាលភ្នំទឹកកក បានចាប់ផ្តើមរលាយកាន់តែលឿន ជាហេតុនាំឱ្យទឹកទន្លេឡើងខ្ពស់ជាងមុន។គួរកត់សម្គាល់ថា អស់រយៈពេលជាង៦០ឆ្នាំមកហើយ ដែលផែនដីបន្តឡើងកម្តៅកាន់តែក្តៅ ក្នុងល្បឿនដ៏លឿនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ។ ស្ថានភាពនេះ នាំឱ្យផ្ទាំងទឹកកក មានទំហំតូចជាងមុនចំនួន១៥ភាគរយ ព្រមទាំងបានបណ្តាលឱ្យមានការបាក់ទឹកកកជាផ្ទាំងធំៗ ចំនួនបីបួនលើក។

ចំនួនទឹកកកដែលមាននៅតាមជម្រាលភ្នំ បានថយចុះចំនួន១៦% នាំឱ្យទន្លេទាំងឡាយដែលមាននៅតំបន់នេះ រីកមាឌធំជាងមុន ដល់ទៅជិត៨ពាន់គីឡូម៉ែតការ៉េ ។

លោក យ៉ាវ ថានតុង សមាជិកបណ្ឌិតសភា បានកត់សម្គាល់ថា “កាលពីមុន តំបន់នេះ មិនធ្លាប់មានការបាក់ផ្ទាំងទឹកកកអញ្ជឹងទេ។ បើទោះជាយើងយល់ដឹងជាបឋម អំពីយន្តការនិងដំណើរការរបស់វាក្តី ក៏យើងត្រូវការស្រាវជ្រាវបន្ថែមទៀត ដើម្បីអាចដឹងបានថា តើការបាក់ផ្ទាំងទឹកកកដូច្នេះ នឹងកើតមានម្តងទៀត ក្នុងទំហំកាន់តែធំដែរឬទេ? និងថាតើវានឹងកើតមានឡើងជាទម្រង់ណាមួយ? យើងបានពង្រីកប្រព័ន្ធប្រកាសអាសន្នរួចហើយ ដោយប្រព័ន្ធនេះគ្របដណ្តប់ចាប់ពីតំបន់ អារ៊ូ រហូតដល់តំបន់ ង៉ារី ទាំងមូលតែម្តង ។”

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម