Connect with us

“ជាកាតព្វកិច្ចខ្ញុំ” សម្តីវេជ្ជបណ្ឌិតបារាំង បដិសេធចាកចេញពីទីក្រុងវូហាន

ស្របពេលជនបរទេសជាច្រើនកំពុងសម្លឹងរកជំនួយពីរដ្ឋាភិបាលខ្លូន ដើម្បីអាចចាកចេញពីទីក្រុងវូហាន ដែលកំពុងផ្ទុះវីរុសផ្លូវដង្ហើមថ្មី ទៅរកកន្លែងមានសុវត្ថិភាព បែរជាវេជ្ជបណ្ឌិតជនជាតិបារាំងម្នាក់ បដិសេធត្រឡប់ទៅបារាំងវិញ ដោយអះអាង លោកនៅវូហាន គឺមានប្រយោជន៍ជាងនៅប្រទេសកំណើត។


មកពីពេលនេះ ករណីឆ្លង និងស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ក្នុងទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន កាន់តែកើនឡើងខ្លាំង និងយ៉ាងឆាប់រហ័ស នាំឲ្យបណ្តាប្រទេសជាច្រើនកំពុងឆ្ការដៃឆ្ការជើង ជម្លៀសពលរដ្ឋខ្លួនចេញពីទីក្រុងដែលត្រូវចាត់ទុកជាតំបន់គ្រោះថ្នាក់បំផុតមូយនេះ។
ក្នុងនោះ រដ្ឋាភិបាលបារាំងក៏បានរៀបចំជើងយន្តហោះជម្លៀសពលរដ្ឋខ្លួនដូចគ្នា រាប់បញ្ចូលទាំង លោក Philippe Klein ដែលជាប្រធានមន្ទីរពេទ្យអន្តរជាតិ SOS ក្នុងទីក្រុងវូហាន តែត្រូវលោកបដិសេធ។
លោក Philippe Klein បានសម្រេចចិត្តបន្តការងារជាវេជ្ជបណ្ឌិតក្នុងទីក្រុងវូហាន ដោយអះអាងថា “នេះមិនមែនដើម្បីវីរភាពនោះទេ បើគិតឲ្យច្បាស់នោះ វាជាកាតព្វកិច្ចរបស់ខ្ញុំ ក្នុងនាមជាគ្រូពេទ្យ។ ខ្ញុំគិតថា ខ្លួនខ្ញុំនៅទីនេះ មានប្រយោជន៍ច្រើនជាង ខ្ញុំទៅប្រទេសបារាំងវិញ។”
វេជ្ជបណ្ឌិត Philippe Klein បានបំពេញការងារ និងរស់នៅទីក្រុងវូហាន រយៈពេល ៦ឆ្នាំមកហើយ ដោយលោកថា លោកចង់នៅទីនេះ ដើម្បីជួយដល់ពលរដ្ឋបារាំងប្រមាណ ៥០០នាក់ ដែលកំពុងបម្រើការក្នុងស្ថានកុងស៊ុល។
យ៉ាងណាលោក Philippe Klein បានណែនាំឲ្យពលរដ្ឋបារាំងទាំងអស់គួរចាកចេញពីទីក្រុងនេះ ត្រឡប់ទៅប្រទេសកំណើតវិញ ព្រោះគ្រប់មន្ទីរពេទ្យ ពោរពេញទៅដោយអ្នកជំងឺមានផ្ទុកវីរុសកូរ៉ូណាថ្មី ងាយនឹងឆ្លងគ្រប់ពេល។
វេជ្ជបណ្ឌិតរូបនេះ ក៏បានចែករំលែកវីធីការពារខ្លួន ដោយប្រាប់ឲ្យពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវ ពិសេសត្រូវមានអនាម័យ និងលាងដៃឲ្យបានស្អាត។
លោកថា សម្រាប់លោក ការបន្តស្នាក់នៅក្នុងប្រទេសចិន គឺជាកាតព្វកិច្ច ជាអ្វីលោកប្រឹងប្រែងរៀនជាច្រើនឆ្នាំ ដើម្បីអាចជួយជីវិតមនុស្ស បើទោះជាដឹងថា បន្តរស់នៅទីក្រុងពោរពេញទៅដោយវីរុសកាចសាហាវនេះ ប្រៀបដូចជាកំពុងនៅក្នុងទ្រុងតោក្តី៕
ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • features
Loading...

ពេញនិយម