Connect with us

អាជ្ញាធរ រកឃើញចម្លាក់សត្វតោដ៏កម្រ ដែលស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វទី១៣

សៀមរាប៖ ចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វ ទី១៣ ត្រូវបានប្រទះឃើញក្នុងកំឡុងពេលធ្វើកំណាយសិក្សាស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹករបស់បារាយមេបុណ្យនៃប្រាសាទបន្ទាយឆ្មារ កាលពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

របកគំហើញនេះ បានកើតឡើង អំឡុងពេលធ្វើកំណាយសិក្សាស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹក របស់បារាយមេបុណ្យ នៃប្រាសាទបន្ទាយឆ្មារ។ មុនពេលចាប់ផ្ដើមជួសជុល ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បានរកឃើញចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វទី១៣ កប់ក្នុងដីជម្រៅប្រហែលជាងមួយម៉ែត្រ។

ដើម្បីការពារសុវត្ថិភាពចម្លាក់តោ ដែលទើបនឹងរកឃើញនេះ នាយកដ្ឋាន បានសហការយ៉ាងជិតស្និតជាមួយនគរបាលបេតិកភណ្ឌប្រចាំការប្រាសាទបន្ទាយឆ្មារ ដោយចាត់កម្លាំងយាមកាមជាប្រចាំ។

សូមបញ្ជាក់ជូនថា បន្ទាប់ពីពិនិត្យឃើញ កំពង់ទឹកនេះ ទទួលរងនូវការខូចខាតស្ទើរតែបាត់រូបរាងអស់ទៅហើយនោះ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជាគោលការណ៍ ឱ្យមន្ត្រីបច្ចេកទេសនាយកដ្ឋាន គាំពារ និងអភិរក្សសំណង់បុរាណ ចំណុះឱ្យអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើការអភិរក្ស និងជួសជុល ដើម្បីលើកតម្លៃសោភ័ណភាពនៃសំណង់កំពង់ទឹកមួយនេះ ឱ្យរស់ឡើងវិញ។ ការអភិរក្ស និងជួសជុលកំពង់ទឹកនេះ ទទួលបានការឧបត្ថម្ភថវិកាពីលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន៕

ប្រភព៖ នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម