Connect with us

សម្ដេចតេជោ នឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា នៅទីក្រុងវូហានដែលផ្ទុះវីរុសកូរ៉ូណា នៅថ្ងៃទី៥កុម្ភៈ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេច ថា សម្ដេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន (Wuhan) ខេត្តហ៊ូប៉ី (Hubei) ប្រទេសចិន។

សម្ដេចតេជោ បានបង្ហោះដូច្នេះថា៖ “នៅថ្ងៃស្អែក ទី៥ កុម្ភៈ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឱ្យនិស្សិតខ្មែរនៅទីក្រុងវូហាន មានការភ័យខ្លាច ចំពោះការឆ្លង ឬការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ូណាវីរុស”។

ការអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា នៅទីក្រុងវូហាន បន្ទាប់ពីសម្ដេចតេជោ បានចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសជំនួបជាមួយលោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសាកល នៅថ្ងៃទី៤ ខែកុម្ភៈ នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានពិភាក្សាទៅលើប្រធានបទ សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ពិសេសទាក់ទិនទៅនឹងបម្រែបម្រួលអាកាសធាតុ និងការវិវឌ្ឍន៍ថ្មីៗ នៃការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណានៅទីក្រុងវូហាន ប្រទេសចិន។ សម្ដេចតេជោ មានប្រសាសន៍ថា បញ្ហាទាំងនេះ គឺមិនមែនជាកង្វល់របស់ប្រទេសចិនទេ គឺជាកង្វល់របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្ត្រក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ក្រសួង និងបណ្តាស្ថានតំណាងនៅទីក្រុងវូហាន បានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធ
និង តាមដានសុខុមាលភាព ជាពិសេសនិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសចិន។

ទន្ទឹមនឹងការផ្តល់ទំនុកចិត្តលើចំណាត់ការប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឱ្យស្ថានទូត ប្រចាំនៅទីនោះ ទាក់ទងជាប្រចាំជាមួយអាជ្ញាធរចិន ដើម្បីផ្ញើជូននិស្សិតខ្មែរនូវគ្រឿងបរិក្ខារអនាម័យចាំបាច់នានា។ ជាមួយនឹងនោះដែរ ក្រសួងក៏បានទទួលការបញ្ជាក់ប្រកបដោយភាពកក់ក្តៅ ថា សាកលវិទ្យាល័យចិន បានឧបត្ថម្ភស្បៀង និងសម្ភារចាំបាច់នានាដល់និស្សិតខ្មែរ ហើយបានសំណូមពរឱ្យអនុវត្ត និងគោរពតាមវិធានការបង្ការ និងទប់ស្កាត់ ដែលអាជ្ញាធរចិន បានដាក់ចេញ ដើម្បីធានានូវសុវត្តិភាព និងសុខភាពផ្ទាល់ខ្លួន និងសាធារណៈផងដែរ។

ក្រសួងក៏បានបញ្ជាក់ដែរថា មកដល់បច្ចុប្បន្ន ពុំមានករណីឆ្លងមេរោគនេះមកលើពលរដ្ឋខ្មែរទេ។ ដោយស្មារតីយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងតាមដានសុខុមាលភាពរបស់ពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតខ្មែរ បាន និងកំពុងសិក្សានៅប្រទេសចិន ក្រសួង និងស្ថានទូតតំណាងនៅប្រទេសចិន បានបង្កើត WeChat ជាមួយនិស្សិតខ្មែរ នៅប្រទេសចិន ក្នុងតំបន់នានា ដើម្បីសម្រួលដល់ទំនាក់ទំនង និងការផ្តល់ព័ត៌មានបានទាន់ពេលវេលា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម