Connect with us

ក្រសួងអប់រំ ប្រកាសផ្ដល់ប្រាក់ដល់និស្សិតខ្មែរនៅវូហាន ម្នាក់២លានរៀល ក្នុងគ្រាដែលផ្ទុះវីរុសកូរ៉ូណា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ថវិកាចំនួន ៤៦លានរៀល ដល់និស្សិត ២៣រូប ដោយម្នាក់ទទួលបាន ២លានរៀល ដើម្បីជួយឧបត្ថម្ភដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ក្រោយ ពីមានការផ្ទុះឡើងនូវជំងឺរលាកសួតប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅក្នុងទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្តល់ថវិកាចំនួន ៤៦លានរៀលដល់និស្សិតទាំង ២៣រូបនោះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ តាមរយៈតំណាងនិស្សិតកម្ពុជានៅទីនោះ គឺលោក ប៉ែន បារាំង ដើម្បីចាត់ចែងបន្តទៅដល់និស្សិតផ្សេងៗទៀត។ ក្រសួងក៏បានបង្កើតគណៈកម្មការ និងចាត់តាំងតំណាងមួយរូប ដើម្បីទាក់ទងផ្ទាល់ និងសួរសុខទុក្ខនិស្សិតជាប្រចាំថ្ងៃផងដែរ។

តាមការអះអាងរបស់ក្រសួង បានបញ្ជាក់ថា មកទល់ពេលនេះ និស្សិតទាំង ២៣ រូបនោះ មានសុខភាពរឹងមាំ និងមិនមាននិស្សិតណាម្នាក់ឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះទេ ដោយសារនិស្សិតទាំងអស់ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរចិន សាកលវិទ្យាល័យចិន ស្ថានតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសមាគមនិស្សិតនៅទីនោះ។ ជាមួយគ្នានោះ និស្សិតមួយចំនួន បានទទួលអាហារពីសាកលវិទ្យាល័យជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃ ៣ពេល ដោយភាគីខាងសាកលវិទ្យាល័យ បានយកអាហារមកផ្គត់ផ្គង់ដល់បន្ទប់ស្នាក់នៅរបស់និស្សិត និងនិស្សិតមួយចំនួនទៀត ត្រូវទិញអាហារដោយខ្លួនឯងពីកន្លែងលក់ទំនិញ ដែលនៅជិតសាកលវិទ្យាល័យបំផុត។

ក្រសួងអប់រំ បានបញ្ជាក់ថា និស្សិតកម្ពុជាកំពុងសិក្សានៅទីក្រុងអ៊ូហាន ខេត្តហូប៉ី សរុបចំនួន ៨៩នាក់ និងកំពុងសិក្សានៅតាមសាកលវិទ្យាល័យចំនួន ៧ កន្លែងផ្សេងៗគ្នា។ ដោយឡែក និស្សិតចំនួន ៦៦នាក់ក្នុងចំណោម ៨៩នាក់ បានត្រឡប់មកប្រទេសកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២០កន្លងទៅ ក្នុងគោលបំណងមកលេងស្រុកកំណើត ក្នុងវិសមកាលរដូវរងារ ដូចរៀងរាល់ឆ្នាំ និងទទួលបានការអនុញ្ញាតឱ្យឈប់សម្រាកត្រឹមត្រូវ ដោយសាកលវិទ្យាល័យនីមួយៗ។ ចំពោះការវិលត្រឡប់មកកម្ពុជានេះ គឺមុនវីរុសកូរ៉ូណា បានកើតឡើងនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជាមានិតចិនមកម៉្លេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម