Connect with us

សហស្ថាបនិកក្រុមហ៊ុនផលិតហ្គេម GTA “ចោរលួចឡាន” ប្រកាសលាឈប់

បរទេស៖ លោក Dan Houser សហស្ថាបនិកនៃក្រុមហ៊ុនផលិតហ្គេមចោរលួចឡាន Rockstar Games បានប្រកាសលាឈប់ ក្រោយជួយឱ្យក្រុមហ៊ុនជោគជ័យ ដែលគាត់បានរួមគ្នាបង្កើតជាមួយប្អូនប្រុសរបស់គាត់ ឈ្មោះ Sam តាំងពីឆ្នាំ១៩៩៨មក។

លោក Houser គឺជាកម្លាំងចលករដ៏សំខាន់នៃផ្នែកផលិតហ្គេម ដែលទទួលការគាំទ្រយ៉ាងខ្លាំងនៅលើពិភពលោក ដោយហ្គេមដែលលោកបានផលិត មានដូចជា Grand Theft Auto (GTA) ដែលគេនិយមហៅថា “ចោរលួចឡាន” និង Red Dead ។ រយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ Rockstar ទទួលបានការទិញច្រើនបំផុត នូវហ្គេមដែលខ្លួនបានផលិត។

លោក Houser នឹងចាកចេញពី Rockstar នៅខែមីនា ខាងមុខនេះ ស្របពេលប្អូនប្រុសរបស់លោក Sam Houser នឹងបន្តជាប្រធានក្រុមហ៊ុន។

សូមជម្រាបថា លោក Dan Houser ជាអ្នកសរសេរសាច់រឿងរបស់ហ្គេម GTA ជាច្រើនវគ្គ រួមទាំងហ្គេមផ្សេងទៀត ដូចជា Bully និង Red Dead Redemption។ មិនតែប៉ុណ្ណោះ លោកក៏ជាអ្នកបញ្ចូលសំឡេង ក្នុងតួអង្គហ្គេមមួយចំនួនផងដែរ។

ហ្គេមដែលលក់ដាច់បំផុតរបស់ Rocsktar គឺ Grand Theft Auto V ដែលចេញកាលពីឆ្នាំ២០១៣ ត្រូវបានជាប់ជាហ្គេមដ៏ជោគជ័យបំផុតប្រចាំទសវត្សរ៍ ដោយលក់បានជាង ១០០លានបន្ទះ៕

ប្រភព៖ BBC

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com