Connect with us

ក្រុងបុមបៃ គ្រោងដំឡើងភ្លើងស្តុបដែលចេញពណ៌ក្រហមកាន់តែយូរ ពេលឮស៊ីផ្លេ

ឥណ្ឌា៖ រដ្ឋបាលក្រុងបុមបៃ នៃប្រទេសឥណ្ឌា បានកំពុងរៀបចំដំឡើងភ្លើងស្តុបចរាចរណ៍ ដែលអាចរួមចំណែកកាត់បន្ថយសំឡេងរំខានដោយសារស៊ីផ្លេចេញពីយានយន្ត ដោយការដំឡើងស្ដុប ដែលអាចធ្វើឱ្យពណ៌ក្រហមនៅទ្រឹងយូរជាងធម្មតាមុនចេញពណ៌បៃតង ប្រសិនបើអ្នកបើកបរ ធ្វើការស៊ីផ្លេខ្លាំងៗ។

នៅចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩ ប៉ូលិសក្រុងបុមបៃ បានបំពាក់សាកល្បងនូវឧបករណ៍ស្រូបសំឡេង នៅលើបង្គោលភ្លើងស្តុបចរាចរណ៍ ដើម្បីស្ដាប់សំឡេងស៊ីផ្លេ។ ប្រសិនបើសំឡេង ឡើងហួសកម្រិតកំណត់ (៨៥ដេស៊ីបែល) ភ្លើងស្តុប នឹងឈោតនៅពណ៌ក្រហមរយៈពេលកាន់តែយូរ។ ចំពោះទីក្រុងបុមបៃ អាជ្ញាធរបានបំពាក់ភ្លើងស្តុប ដែលរាប់លេខថយក្រោយ។

អ្នកនាំពាក្យប៉ូលិសចរាចរណ៍ក្រុងបុមបៃ បានប្រាប់សារព័តមានថា ការធ្វើតេស្តសាកល្បង បានធ្វើឡើងនៅទីតាំងចំនួន ១០ ដោយទីតាំងនីមួយៗ ត្រូវបានអនុវត្តរយៈពេល ១៥នាទី ក្នុងមួយថ្ងៃ។ ការសាកល្បង នឹងត្រូវធ្វើឡើងម្ដងទៀត នៅខែក្រោយ។

ទីក្រុងបុមបៃ ត្រូវបានចាត់ទុកជា រដ្ឋធានីនៃការចុចស៊ីផ្លេ ខណៈទីក្រុងនេះ ជាប់ចំណាត់ថ្នាក់ទី៤ ជាទីក្រុងដែលមានការកកស្ទះចរាចរណ៍ខ្លាំងនៅលើពីភពលោក កាលពីឆ្នាំ២០១៩។ របាយការណ៍បានប៉ាន់ស្មានថា អ្នកបើកបរនៅបុមបៃ បានខាតបង់ពេលវេលា ៨ថ្ងៃ និង ១៧ម៉ោង កាលពីឆ្នាំ២០១៩ ដោយសារតែការកកស្ទះចរាចរណ៍៕

ប្រភព៖ CNN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com