Connect with us

សមាគមរោងចក្រកាត់ដេរកម្ពុជាថា ការផ្អាករោងចក្រមួយចំនួននៅកម្ពុជា កម្មករត្រូវទៅពិភាក្សាជាមួយថៅកែរោងចក្រ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានជូនដំណឹងថា រោងចក្រមួយចំនួន នឹងផ្អាកប្រតិបត្តិការផលិតកម្មជាបណ្ដោះអាសន្ន ដែលអាចមានរយៈពេល ១ខែពេញ ឬដល់ ២ខែ។

សេចក្ដីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដោយសារតែឧបទ្ទវហេតុនៃការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន ធ្វើឱ្យរោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្ដល់សេវាជាច្រើន បានបិទដំណើរការបណ្ដោះអាសន្ន ហើយប្រហែលជារហូតដល់ចុងខែនេះ ទើបអាចចាប់ផ្ដើមដំណើរការឡើងវិញ។ បញ្ហានេះ នឹងបង្កឱ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជាមួយចំនួន ដែលវត្ថុធាតុដើមក្នុងស្តុក សម្រាប់ផលិតកម្ម អាចនឹងអស់នៅត្រឹមសប្ដាហ៍ក្រោយ ឬសប្ដាហ៍បន្ទាប់។ ការបិទរោងចក្របណ្ដោះអាសន្ននៅប្រទេសចិន អាចនឹងធ្វើឱ្យរោងចក្រមួយចំនួននៅកម្ពុជា ខ្វះវត្ថុធាតុដើមនៅចុងខែនេះ និងក្នុងខែមីនាខាងមុខ។

សេចក្ដីប្រកាសព័ត៌មានបន្តថា ការផ្អាកបណ្ដោះអាសន្នរយៈពេលខ្លីនេះ មិនពាក់ព័ន្ធនឹងដំណើរការនៃការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) របស់សហភាពអឺរ៉ុប មកលើប្រទេសកម្ពុជាទេ។ ការសម្រេចរបស់សហភាពអឺរ៉ុប នឹងត្រូវចូលជាធរមាន នៅក្នុងរយៈពេលមិនតិចជាង ៦ខែមុខនោះទេ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បញ្ជាក់ទៀតថា ការភ្ជាប់បញ្ហាការផ្អាកដំណើរការបណ្ដោះអាសន្នរបស់រោងចក្រមួយចំនួន នៅក្នុងខែមីនា ទៅនឹងបញ្ហា EBA មិនមែនជាការត្រឹមត្រូវទេ។ ចំពោះនីតិវិធីនៃការផ្អាកបណ្ដោះអាសន្ន គ្រប់រោងចក្រទាំងនោះ នឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ដោយមានការចរចាពិភាក្សា និងព្រមព្រៀងគ្នារវាងកម្មករនិយោជិត និងថ្នាក់គ្រប់គ្រងរោងចក្រ ក្រោមការត្រួតពិនិត្យ និងការអនុញ្ញាតពីអធិការការងារ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម