Connect with us

អញ្ចឹងសោះ ទើបបានជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងកាបូបរបស់ចិនមួយចំនួន បានសម្រុកមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញៈ រយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា វិនិយោគិនចិនជាច្រើន បានដាក់ទុន វិនិយោគនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ ក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លា ជាពិសេស គឺ ការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង កាបូប ។


បើតាមអ្នកជំនាញ ដែលត្រូវដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក បានអោយដឹងថា កម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងជាងមុនពីក្រុមហ៊ុនធំៗ ដែលផលិតសម្លៀកបំពាក់ និងកាបូប ក្នុងការដាក់ទីតាំងផលិតកម្មដើម្បីនាំចេញទៅអាមេរិក ព្រោះក្រុមហ៊ុនទាំងនោះ កំពុងងាកចេញពីប្រទេសចិន ដោយសារបន្ទុកពន្ធដែលរដ្ឋាភិបាលអាមេរិក បានដំឡើង។


នៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនចិនមួយចំនួន បានបង្ហាញគម្រោងផ្លាស់ប្តូរទីតាំងរោងចក្ររបស់គេពីចិន ដោយប្តូរមកវិនិយោគនៅកម្ពុជាជំនួសវិញ ដោយសារតែពួកគេ មិនត្រឹមតែប្រឈមនឹងថ្លៃពាណិជ្ជកម្មដែលខ្ពស់ស្រាប់ប៉ុណ្ណោះទេ តែថែមទាំងប្រឈមនឹងបន្ទុកថ្មីៗទាក់ទងនឹងការដំឡើងអត្រាពន្ធ នាំចូលទៅទីផ្សារសហរដ្ឋអាមេរិកទៀតផង ។


ប្រសិនបើសង្រ្គាមចិន និង សហរដ្ឋអាមេរិក នៅបន្តទៀតនោះ ច្បាស់ណាស់ ប្រទេសកម្ពុជា នឹងមានរោងចក្រកាន់តែច្រើនថែមទៀត ដោយសារកម្ពុជា បានទទួលការអនុគ្រោះពន្ធ សម្រាប់ការ នាំចេញផលិតផលវាយនៈភ័ណ្ឌ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ។ ជាមួយគ្នានេះ រោងចក្ររបស់ចិន ត្រូវបានស្វាគមន៍កាន់តែច្រើននៅកម្ពុជា ជាងនៅក្នុងប្រទេសវៀតណាម ។


គួររំលឹកថា ប្រទេសចិន បានកំពុងធ្លាក់ទៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិករយៈពេលជាច្រើនខែ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហូតពន្ធ ២៥ ភាគរយលើទំនិញចិន ដែលមានតម្លៃ ៥០ ពាន់លានដុល្លារ។
ជាមួយគ្នានេះ កាលពីពេលថ្មីៗនេះ លោក ត្រាំ ក៏បានគំរាម នឹងបង្កើនការហូតពន្ធលើទំនិញចិនដែលមានតម្លៃរហូតដល់ ២០០ ពាន់លានដុល្លារ ពី ១០ ទៅ ២៥ ភាគរយ ក្នុងនោះ បញ្ជីផលិតផល ដែលរងផលប៉ះពាល់ រួមមានកាបូប ទំនិញធ្វើដំណើរ និងឧបករណ៍អេឡិចត្រូនិក។


នៅថ្ងៃម្សិលម៉ិញ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន និង អាស៊ាន នៅទីក្រុងណាននីង សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយមេដឹកនាំរបស់ក្រុមហ៊ុនធំៗចំនួន៨ ដើម្បីបង្ហាញអំពីការវិនិយោគនៅកម្ពុជា និង លើកទឹកចិត្តអោយពួកគេ ឲ្យបន្តពង្រីកការវិនិយោគរបស់ពួកគេនៅ កម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ។


គួរបញ្ជាក់ថា គ្រាន់តែដើមខែកញ្ញា ឆ្នាំ២០១៨នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចំនួន៤ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យដំណើរការនៅកម្ពុជា ដោយមានទុនវិនិយោគជាង២០លានដុល្លារ ហើយដែលនឹងបង្កើតការងារថ្មីជាង ៩ពាន់កន្លែង៕

 

 

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម