Connect with us

អ្នកវិទ្យាសាស្រ្តរកឃើញពន្លឺថ្មី អាចវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកបានលឿន

ស្របពេលដែលការស្រាវជ្រាវទៅលើវិធីសាស្រ្តទប់ស្កាត់ និងការការពារវីរុសកូរ៉ូណាថ្មី ក្រឡេកទៅមើលការស្រាវជ្រាវលើជំងឺមហារីកឯណោះវិញ គឺថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានឃើញរូបភាពសណ្ឋាននៃមហារីកកាន់តែច្បាស់ ដែលអ្នកស្រាវជ្រាវអះអាងថាជាពន្លឺថ្មីមួយ សម្រាប់ការធ្វើវិនិច្ឆ័យមហារីកប្រភេទជាក់លាក់ និងបង្កើតវិធីព្យាបាលបានលឿន។

តាមសារព័ត៌មាន BBC គម្រោងកិច្ចសហការស្រាវជ្រាវជាអន្តរជាតិលើជំងឺមហារីកហៅថា The Pan-Cancer Analysis បានវិភាគឃើញរូបភាពលម្អិតនៃ កោសិកាមហារីក ពិសេសទៅលើ ហ្សេណេទិក នៃមហារីកដែលមានប្រមាណ ២,៦៥៨ប្រភេទ។ ការយល់អំពីសណ្ឋានបានច្បាស់បែបនេះ ធ្វើឱ្យក្រុមអ្នកស្រាវជ្រាវអាចបង្កើតនីតិវិធីព្យាបាលបានជាក់លាក់ និងបានរហ័សលើប្រភេទមហារីកទាំងនោះ។

នៅក្នុងគម្រោងខាងលើនេះផងដែរ អ្នកវិទ្យាសាស្រ្តក៏បានកត់សម្គាល់នូវបម្រែបម្រួលហ្សេណេទិក (Driver Mutations) ៤ ទៅ ៥ ដែលជាកាតាលីករជំរុញឱ្យមហារីកលូតលាស់កាន់តែខ្លាំង។ ដូចនេះជាចំណុចមួយ ដែលអ្នកវិទ្យាសាស្រ្ត នឹងអាចសិក្សាបន្ថែមលើវិធីសាស្រ្តកម្ចាត់នូវ បម្រែបម្រួលហ្សេណេទិក (Driver Mutations) ទាំងនោះចេញ។ តែយ៉ាងណាមិញ ៥% នៃប្រភេទមហារីក មិនបានបង្ហាញច្បាស់នូវ Driver Mutations ដែលធ្វើឱ្យ អ្នកវិទ្យាសាស្រ្តនឹងត្រូវចំណាយពេលលើ កិច្ចការស្រាវជ្រាវបន្ថែម។

ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Peter Van Loo មកពីវិទ្យាសា្ថនស្រាវជ្រាវ Francis Crick ប្រទេសអង់គ្លេស ជាអ្នកស្រាវជ្រាវម្នាក់រួមចំណែកកិច្ចការខាងលើបាននិយាយថា៖ “ការរកឃើញនេះ នឹងធ្វើឱ្យពួកយើងរកឃើញវិធីវិនិច្ឆ័យថ្មីបានកាន់តែលឿនជាងមុន”។

សូមរំឭកថា មហារីកជាប្រភេទ កោសិកាខូចខាត ដែលចេញពីកោសិកាក្នុងរាងកាយធម្មតា ប៉ុន្តែកោសិកាខូចទាំងនោះ វិវឌ្ឍន៍លូតលាស់ខ្លាំង (ដុំសាច់កាច) រហូតដល់រាងកាយមិនអាចគ្រប់គ្រង ដែលតម្រូវឱ្យមាននីតិវិធីកម្ចាត់ចោលឱ្យបានទាន់ពេល៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com