Connect with us

អតីតម្ចាស់ភាគហ៊ុនក្លិប Arsenal បរិច្ចាគសាត្រាស្លឹករឹត តម្លៃជិត៩លានដុល្លារដល់សារមន្ទីរអូឡាំពិក

ស្វីស៖ មហាសេដ្ឋីជនជាតិរុស្ស៊ី លោក Alisher Usmanov ដែលជាអតីតម្ចាស់ភាគហ៊ុនរបស់ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានសម្រេចចិត្តបរិច្ចាគនូវសាត្រាស្លឹករឹត ដែលមានអាយុកាល១២៨ឆ្នាំ ទៅដល់សារមន្ទីរអូឡាំពិក នៅទីក្រុង Lausanne ប្រទេសស្វីស។

សាត្រាស្លឹករឹត ដែលមាន១៤ទំព័រ បានចារនូវសន្ទរកថារបស់លោក Pierre de Coubertin ដែលជាបិតាស្ថាបនិកកីឡាអូឡាំពិកសម័យទំនើប និងជាស្ថាបនិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ លោក Pierre de Coubertin បានបង្ហាញចក្ខុវិស័យរបស់លោកចំពោះកីឡាអូឡាំពិក នៅក្នុងសាត្រាស្លឹករឹតនោះ ដើម្បីរួបរួមពិភពលោកតែមួយ ដោយការប្រកួតកីឡា។

សាត្រាស្លឹករឹតដដែល ត្រូវបានលោកមហាសេដ្ឋីរុស្ស៊ី Alisher Usmanov ទិញក្នុងតម្លៃ ៨,៨លានដុល្លារអាមេរិក ពីពិធីដេញថ្លៃមួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីខែធ្នូ ឆ្នាំ២០១៩។

លោក Alisher Usmanov ដែលមានទ្រព្យសម្បត្តិប្រហែល ១២,៦ ពាន់លានដុល្លារអាមេរិក អះអាងថា ការបរិច្ចាគសាត្រាស្លឹករឹតដ៏មានតម្លៃទៅកាន់សារមន្ទីរអូឡាំពិកនៅស្វីសនេះ ជាទង្វើដ៏ត្រឹមត្រូវ ព្រោះទីនេះ ជាកន្លែងដ៏សាកសម្យបំផុត។ លោក ក៏ជាប្រធានក្រុមហ៊ុនមួយ ដែលបច្ចុប្បន្នបានឧបត្ថម្ភដល់ក្លិបបាល់ទាត់ Everton និងគ្រោងផ្ដល់ ៣៩លានដុល្លារអាមេរិក ដើម្បីទិញសិទ្ធិលើឈ្មោះកីឡដ្ឋានថ្មី។

លោក Usmanov បានទិញភាគហ៊ុន Arsenal ជាង ១៤% នៅឆ្នាំ២០០៧ ក្នុងតម្លៃ ៧៥លានផោន។ គិតត្រឹមឆ្នាំ២០១៣ លោកគ្រប់គ្រងភាគហ៊ុនរបស់ Arsenal ជាង ៣០%។ ឆ្នាំ២០១៨ ជាពេលដែលលោក បានសម្រេចចិត្តលក់ភាគហ៊ុនទាំងអស់របស់គាត់នៅ Arsenal ស្មើនឹងទឹកប្រាក់ ៥៥០លានផោន៕

ប្រភព៖ CNN

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com