Connect with us

រដ្ឋមន្ត្រីសុខាភិបាលថៃ៖ ប្រធាន WHO អះអាងថា អ្នកដំណើរលើនាវាទេសចរណ៍ MS Westerdam មានសុខភាពធម្មតា

ថៃ៖ យោងតាមកាសែត បាងកកប៉ុស្តិ៍ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកមនុស្សប្រមាណ២២០០នាក់ ត្រូវបានប្រធានអង្គការសុខភាពពិភពលោក WHO ធានាថា មានសុខភាពធម្មតា ប៉ុន្តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul បានច្រានចោលសំណើសុំចូលចត នៅកំពង់ផែប្រទេសថៃ។

លោករដ្ឋមន្ត្រីថៃ Anutin បានថ្លែងថា៖ “ប្រធាន WHO បានទូរសព្ទមកខ្ញុំ កាលពីយប់ថ្ងៃអង្គារ ដោយអះអាងថា អ្នកដំណើរទាំងអស់ មានសុខភាពល្អ និងបានស្នើឱ្យអាជ្ញាធរថៃ ជួយមើលថែពួកគេផងដែរ។ ប៉ុន្តែខ្ញុំមិនទុកចិត្ត ព្រោះប្រធាន WHO មិនបាននៅលើនាវានោះទេ”។

លោករដ្ឋមន្ត្រីបន្ថែមថា នាវាទេសចរណ៍ MS Westerdam មានផ្ទុកអ្នកដំណើរជនជាតិថៃ ចំនួន ២១នាក់ ប៉ុន្តែអាជ្ញាធរថៃ បែរជាមិនបានអនុញ្ញាតឱ្យនាវាចូលចត ហើយលើកឡើងថា ដើម្បីជាវិធានការការពារ ការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ។

នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក MS Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីស្វែងរកទីសុំចតមិនបាន អស់រយៈពេល ១២ថ្ងៃកន្លងមកនេះ។ នាវានេះ ផ្ទុកមនុស្ស ២២០០នាក់ ក្នុងនោះ មានភ្ញៀវទេសចរ ១៤៥៥នាក់ និងបុគ្គលិកបម្រើការ ៨០២នាក់ បានចេញដំណើរពីទីក្រុងហុងកុង កាលពីថ្ងៃទី១ ខែកុម្ភៈ ដើម្បីចូលទៅកាន់ប្រទេសហ្វីលីពីន តែអាជ្ញាធរហ្វីលីពីន បដិសេធ ដោយបារម្ភខ្លាចអ្នកទេសចរនៅលើនាវានេះ មានផ្ទុកវីរុស COVID-19។

ក្រៅពីហ្វីលីពីន នាវាទេសចរណ៍ COVID-19 ក៏ត្រូវបានបដិសេធដោយបណ្ដាប្រទេស និងកោះផ្សេងទៀត ដូចជា កោះតៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (របស់អាមេរិក) និងចុងក្រោយនៅប្រទេសថៃ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអនុញ្ញាតឱ្យនាវានេះ បានចូលចត នៅកំពង់ផែក្រុងព្រះសីហនុ ក្រោយទទួលការទាក់ទងពីសំណាក់អ្នកគ្រប់គ្រងនាវានេះ ដើម្បីឱ្យភ្ញៀវទេសចរ អាចធ្វើដំណើរបន្តតាមយន្តហោះត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ។ សម្ដេចតេជោ បានបន្ថែមថា ការអនុញ្ញាតនេះ គឺបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក។ សម្ដេចបន្តទៀតថា កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្គ្រោះក្នុងកិច្ចការមនុស្សធម៌ ខណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន។

នាវានេះ នឹងចូលចតនៅរយៈពេល មួយទៅពីរថ្ងៃ នៅខេត្តព្រះសីហនុ ព្រមទាំងសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីព្រលានយន្តហោះកេងកង ក្នុងខេត្តព្រះសីហនុ ទៅកាន់ព្រលានយន្តហោះភ្នំពេញ និងហោះហើរបន្តទៅកាន់ស្រុកកំណើតរបស់ពួកគេ។

នៅពេលចូលចត អាជ្ញាធរកម្ពុជា នឹងមានការពិនិត្យសុខភាពរបស់អ្នកទេសចរណ៍នៅលើនាវាទាំងអស់ បើមានករណីសង្ស័យមានជំងឺណាមួយ នឹងត្រូវយកទៅតាមដាន និងពិនិត្យភ្លាមៗ នៅវិទ្យាស្ថានប៉ាស្ទ័រ។ តែទោះជាយ៉ាងណា អ្នកគ្រប់គ្រងនាវានេះ បានអះអាងថា មនុស្សទាំងអស់នៅលើនាវា មិនមានផ្ទុកវីរុស COVID-19 ឡើយ។

កម្ពុជា មិនត្រឹមតែអនុញ្ញាតឱ្យនាវានេះ ចូលចតនោះឡើយ ប៉ុន្តែថែមទាំងមិនយកថ្លៃទិដ្ឋាការ (Visa) និងសេវាកម្មផ្សេងៗ ឡើយ៕

ប្រភព៖ bangkokpost
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com