Connect with us

ប្រទេសចិន ជំរុញទំនាក់ទំនងឆ្លងកាត់ព្រំដែនរវាងតំបន់ទីបេ និង ប្រទេសនេប៉ាល់ ដោយធ្វើការសាងសង់ឡើងវិញនូវស្ពានឆ្លងកាត់ព្រំដែន ២កន្លែង

នេប៉ាល់ ៖ គម្រោងស្ដារឡើងវិញចំនួន៣ បានបើកការដ្ឋានហើយកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលជាការគូសបញ្ជាក់ អំពីចំណងមិត្តភាពរវាងប្រទេសចិន និង ប្រទេសណេប៉ាល់ នៅតំបន់ទីបេ ។ គម្រោងទាំងបី រួមមានដូចជា គម្រោងស្ដារស្ថានអគ្គកុងស៊ុលណេប៉ាល់ ដែលមានទីតាំងនៅរដ្ឋធានី ឡាសា (Lhasa) និង គម្រោងស្ដារស្ពានភ្ជាប់ព្រំដែនចំនួន២កន្លែង ដែលបានខូចខាតដោយសារគ្រោះរញ្ជួយដីកម្រិត8.1 ដែលបានកើតឡើងកាលពីខែមេសា ឆ្នាំ2015កន្លងទៅ ។

ស្ថានអគ្គកុងស៊ុល នឹងត្រូវសាងសង់ឡើងវិញនៅទីតាំងចាស់ នៅលើដីទំហំប្រហែល8500ម៉ែតការ៉េ។ ស្ថានកុងស៊ុលនេះ នឹងត្រូវប្រើជាកន្លែងធ្វើការផង ជាកន្លែងទទួលភ្ញៀវផង និងជាកន្លែងសម្រាប់ធ្វើកិច្ចការទូតផង។ សំណង់នេះ នឹងរួចរាល់ជាស្ថាពរនៅឆ្នាំក្រោយ។ លោក គ្រឹះស្នា បាហាឌ័រ ម៉ាហារ៉ា អ្នកនាំពាក្យរដ្ឋសភាប្រទេសណេប៉ាល់ បាននិយាយថា គម្រោងសាងសង់ឡើងវិញទាំងនេះ នឹងជួយលើកស្ទួយដល់ចំណងទ្វេភាគីរវាងប្រទេសចិននិងប្រទេស ណេប៉ាល់ ។

លោក គ្រឹះស្នា បាហាឌ័រ ម៉ាហារ៉ា បានលើកឡើងថា វាគឺជាឱកាសដ៏ធំធេង សម្រាប់ឱ្យប្រទេស ណេប៉ាល់ និង ប្រទេសចិន អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ។ គម្រោងទាំងនេះ នឹងធ្វើឱ្យប្រទេសទាំងពីរ កាន់តែផ្សារភ្ជាប់គ្នាបានកាន់តែល្អ ហើយវាក៏លើកស្ទួយ និងជំរុញដល់ វិស័យទេសចរណ៍ និង វប្បធម៌ សម្រាប់ប្រទេសទាំងពីរផងដែរ។

កាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលប្រទេសណេប៉ាល់ បានគាំទ្រដល់គម្រោងសាងសង់ស្ពានភ្ជាប់ព្រំដែនទាំងពីរកន្លែងនេះ ដែលមានទីតាំងនៅតំបន់ រ៉ាស៊ូវ៉ា កាទី (Rasuwagadhi) និងតំបន់ តាតូប៉ានី (Tatopani) ក្នុងប្រទេសណេប៉ាល់ ដោយមានជំនួយពីប្រទេសចិន។

បច្ចុប្បន្ន តំបន់ រ៉ាស៊ូវ៉ា កាទី គឺជាច្រកពាណិជ្ជកម្មលើគោកដ៏សំខាន់រវាងប្រទេសទាំងពីរ ឯតំបន់ តាតូប៉ានី វិញ មានតួនាទីភ្ជាប់ព្រំប្រទល់ជាមួយក្រុង ខាសា (Khasa) របស់ប្រទេសចិន។ ព្រំប្រទល់ តាតូប៉ានី-ចាងម៊ូ (Tatopani-Zhangmu) នៅតែបិទច្រកដដែល ចាប់តាំងពីពេលមានគ្រោះរញ្ជួយដីដ៏មហន្តរាយ ដែលបានធ្វើឱ្យមនុស្សជិត9ពាន់នាក់ បាត់បង់ជីវិត។ វាគឺជាគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតសម្រាប់តំបន់នេះ បើគិតចាប់ពីឆ្នាំ1934មក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម