Connect with us

ប្រធាន WHO បង្ហោះសារអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យនាវា MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ

ភ្នំពេញ៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) បានបង្ហោះសារនៅលើបណ្ដាញសង្គម ដើម្បីថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។

ប្រធាន WHO បានបង្ហោះនៅលើ Twitter យ៉ាងដូច្នេះថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការបើកផ្លូវឱ្យនាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ នេះជាសកម្មភាពដ៏គួរឱ្យកោតសរសើរ ដោយបង្ហាញពីសាមគ្គីភាពនៅពេលដែលពិភពលោក មានឱកាសដើម្បីបញ្ឈប់ការរាតត្បាតនៃវីរុស COVID-19 និងបញ្ឈប់ភាពភ័យខ្លាច ព្រមទាំងការមាក់ងាយផងដែរ”។

នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក MS Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីស្វែងរកទីសុំចតមិនបាន អស់រយៈពេល ១២ថ្ងៃកន្លងមកនេះ។ នាវានេះ ផ្ទុកមនុស្ស ២២០០នាក់ ក្នុងនោះ មានភ្ញៀវទេសចរ ១៤៥៥នាក់ និងបុគ្គលិកបម្រើការ ៨០២នាក់ បានចេញដំណើរពីទីក្រុងហុងកុង កាលពីថ្ងៃទី១ ខែកុម្ភៈ ដើម្បីចូលទៅកាន់ប្រទេសហ្វីលីពីន តែអាជ្ញាធរហ្វីលីពីន បដិសេធ ដោយបារម្ភខ្លាចអ្នកទេសចរនៅលើនាវានេះ មានផ្ទុកវីរុស COVID-19។

ក្រៅពីហ្វីលីពីន នាវាទេសចរណ៍ COVID-19 ក៏ត្រូវបានបដិសេធដោយបណ្ដាប្រទេស និងកោះផ្សេងទៀត ដូចជា កោះតៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (របស់អាមេរិក) និងចុងក្រោយនៅប្រទេសថៃ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com