Connect with us

ឯកអគ្គរដ្ឋទូតអាមេរិក ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការជួយនាវាទេសចរណ៍ Westerdam

ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានថ្លែងនៅថ្ងៃនេះថា៖ “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជា” ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam របស់អាមេរិក បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីប្រទេសមួយចំនួន បានបដិសេធការសុំចូលចតរបស់នាវានេះ ដោយព្រួយបារម្ភពីវីរុសកូរ៉ូណាថ្មី ឬ COVID-19 ។

យោងតាមទំព័រហ្វេស៊បុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្រុមមន្ត្រីស្ថានទូតនិងអ្នកជំនាញវេជ្ជសាស្ត្រមកពីស្ថានទូតអាមេរិក បានទៅដល់ខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ការចូលចតដោយសុវត្ថិភាពរបស់ នាវាទេសចរណ៍ ហូឡង់-អាមេរិក ឈ្មោះ MS Westerdam ដែលមានជនជាតិអាមេរិកនៅក្នុងនោះ។ នាវានេះ បានចាកចេញពីក្រុងហុងកុង នៅថ្ងៃទី១ ខែកុម្ភៈ និងត្រូវបានគេបដិសេធការឲ្យចូលចតតាមផែសមុទ្រមួយចំនួននៅក្នុងតំបន់។

នាវានេះ រាយការណ៍ថា មិនមានអ្នកដំណើរណាមួយ មានសញ្ញាវិជ្ជមាននូវមេរោគ កូវីដ១៩ (មេរោគកូរ៉ូណា) ចំណែកបុគ្គលិកសុខាភិបាល ក៏កំពុងធ្វើការតាមដានពួកគេផងដែរ ។

ក្រុមការងារស្ថានទូតអាមេរិក ត្រៀមរួចរាល់ ដើម្បីធ្វើការជាមួយក្រុមនាវា Westerdam និងអាជ្ញាធរកម្ពុជា ដើម្បីជួយដល់ជនជាតិអាមេរិក ក្នុងដំណើរការនៃការចូលចត និងផ្ទេរសម្ភារទៅកាន់គោលដៅ។
លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានបង្ហោះលើបណ្ដាញសង្គម Twitter ដូច្នេះថា៖ “អាជ្ញាធរកម្ពុជា បានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកពលរដ្ឋអាមេរិក ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ។ នាវានេះ រាយការណ៍ថា មិនមានអ្នកវិជ្ជមាននូវវីរុសកូរ៉ូណាឡើយ។ បុគ្គលិកវេជ្ជសាស្ត្រលើនាវានេះ កំពុងបន្តតាមដាន។ ពួកយើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់កម្ពុជា”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com