Connect with us

ក្រោយរងការរិះគន់ អាជ្ញាធរថៃ បានអនុញ្ញាតឱ្យនាវាទេសចរណ៍យក្ស២គ្រឿង ចូលចតនៅដែនទឹករបស់ខ្លួន ក្នុងកោះភូកេត

ភូកេត៖ អាជ្ញាធរថៃ បានអនុញ្ញាតឱ្យក្រុមអ្នកដំណើរ និងអ្នកបម្រើការងារទាំងអស់សរុបជាង ៤០០០នាក់ នៅលើកប៉ាល់ខ្នាតយក្ស ២គ្រឿង ចូលចតនៅកំពង់ផែកោះភូកេត ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីក្រុមមន្ត្រីសុខាភិបាលអះអាងថា គ្មានអ្នកដំណើរណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ COVID-19 ឡើយ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រភពដដែលបានបន្តថា ការអនុញ្ញាតរបស់ថៃឱ្យកប៉ាល់ទាំងពីរគ្រឿង ចូលចតបានបង្កឱ្យមានការរិះគន់ជាច្រើន នៅក្នុងចំណោមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមថា ជាការអនុវត្តស្តង់ដារទ្វេ បន្ទាប់ពីរដ្ឋាភិបាលថៃ បានបដិសេធកប៉ាល់ Westerdam មិនឱ្យចូលចត នៅកំពង់ផែមួយរបស់ខ្លួន ដោយសារតែព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណាថ្មី។

កប៉ាល់ Seabourn Ovation របស់ប្រទេសប៉ាហាម៉ាស់ ដែលដឹកអ្នកដំណើរ ៤៩៥នាក់ និងបុគ្គលិក ៤៧០នាក់ បានធ្វើដំណើរចេញពីកោះ ឡាំងកាវី (Langkawi) ប្រទេសម៉ាឡេស៊ី បានចូលចតនៅកំពង់ផែភូកេត។ អ្នកដំណើរនៅលើកប៉ាល់ភាគច្រើនជាពលរដ្ឋអឺរ៉ុប ដែលត្រូវបានត្រួតពិនិត្យសុខភាព ដោយក្រុមមន្ត្រីសុខាភិបាលថៃ មុននឹងអនុញ្ញាតឱ្យចូលចត ហើយកប៉ាល់ Seabourn Ovation នឹងបន្តចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី នៅប៉ុន្មានថ្ងៃខាងមុខ។

ចំណែកកប៉ាល់មួយគ្រឿងទៀតឈ្មោះ Quantum of the Seas ដែលមានផ្ទុកអ្នកដំណើរ និងនាវិកសរុប ៣១០០នាក់ បានចូលចតនៅកំពង់ផែភូកេត ដោយមិនមាននរណាម្នាក់ ត្រូវបានគេរកឃើញថា ឆ្លងវីរុសកូរ៉ូណានោះទេ ហើយបន្ទាប់មកទៀត កប៉ាល់នេះ ក៏នឹងបន្តដំណើរទៅប្រទេសសិង្ហបុរី។

សូមជម្រាបថា កប៉ាល់ Westerdam ដែលថៃបានបដិសេធ ក៏មានជនជាតិថៃ ចំនួន ២១នាក់ ស្ថិតនៅលើកប៉ាល់ផងដែរ។ កប៉ាល់អាមេរិកនេះ បានចាកចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី១ ខែកុម្ភៈ ជាមួយអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកបម្រើការ ៨០២នាក់។ ប៉ុន្តែដោយសារប្រទេស ជប៉ុន កោះតៃវ៉ាន់ ហ្វីលីពីន កោះហ្គាំ (របស់អាមេរិក) និង ថៃ មានការសង្ស័យថា អ្នកដំណើរលើកប៉ាល់នេះ អាចមានផ្ទុកវីរុស Covid-19 ទើបប្រទេស និងកោះទាំងនេះ បានបដិសេធនូវការសុំចូលចតរបស់កប៉ាល់ Westerdam ។ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជា ក្រោមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ដោយមានការត្រួតពិនិត្យសុខភាពដោយមន្ត្រីសុខាភិបាលចំពោះអ្នកដំណើរយ៉ាងត្រឹមត្រូវ។ ជាលទ្ធផល អ្នកដំណើរទាំងអស់ មិនត្រូវបានរកឃើញមានផ្ទុកវីរុស Covid-19 ឡើយ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com