Connect with us

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច កំពុងក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ចថ្មី សម្រាប់ប្រទេសចំនួន៥ ដែលជាសមាជិក ប្រ៊ីកស៍ (BRICS)

នៅក្នុងក្រុមប្រទេសប្រ៊ីកស៍ (BRICS) អាជីវកម្មលក់ទំនិញរាយតាមអនឡាញ រកប្រាក់ចំនូលបានដល់ទៅ ១លាន ១សែន៩ម៉ឺន លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ។ ចំនួននេះ គឺស្មើនឹង៥១.៨ភាគរយ នៃប្រាក់ចំនូលសរុប ដែលបានមកពីការលក់ទំនិញអនឡាញ ទូទាំងពិភពលោកទៅហើយ។ នេះបើយោងតាម របាយការណ៍អភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៃក្រុមប្រទេសប្រ៊ីកស៍បូក ប្រចាំឆ្នាំ២០១៨ ដែលបានចេញផ្សាយដោយសមាគមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចចិន។

របាយការណ៍នេះ ក៏បានលើកឡើងថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច បានក្លាយជាកម្លាំងថ្មីមួយដែលជំរុញកំណើនសេដ្ឋកិច្ចរបស់ក្រុមប្រទេសប្រ៊ីកស៍ ដែលមានដូចជា ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង។ របាយការណ៍ដដែល បានឱ្យដឹងថា កាលពីឆ្នាំ២០១៧ ក្រុមប្រទេសប្រ៊ីកស៍ លក់ទំនិញតាមអនឡាញឆ្លងប្រទេស បានច្រើនជាងមុនចំនួន ១.៥ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដោយរកប្រាក់ចំនូលសរុបពីការលក់ បានជិត ១៣០ពាន់ លានដុល្លារអាមេរិក។

លោក សៀវ លីហួរ ដែលជាអនុប្រធានក្រុមហ៊ុន អាលីបាបា និង ជាជំនួយការនាយកប្រតិបត្តិ បាននិយាយថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដែលកំពុងរីកចម្រើនយ៉ាងខ្លាំងនេះ បានធ្វើឱ្យលំហូរពាណិជ្ជកម្មរវាងក្រុមប្រទេសទាំង៥ កាន់តែរលូន និងងាយស្រួល។ សហប្រតិបត្តិការនេះ នៅមានឱកាសច្រើនណាស់ ដើម្បីពង្រីកឱ្យកាន់តែស៊ីជម្រៅនិងកាន់តែធំ ដោយសារនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ។

របាយការណ៍ដដែល ក៏បានឱ្យដឹងទៀតថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច មិនត្រឹមតែជួយឱ្យពាណិជ្ជកម្មប្រព្រឹត្តទៅកាន់តែរលូន លើកស្ទួយឱ្យវិស័យឧស្សាហកម្មអភិវឌ្ឍបន្ថែម និងបង្កើតការងារថ្មីៗប៉ុណ្ណោះទេ តែក៏បានជួយឱ្យក្រុមហ៊ុនខ្នាតតូច និងមធ្យមជាច្រើន អាចចូលរួមបានកាន់តែច្រើន ក្នុងខ្សែសង្វាក់តម្លៃផលិតកម្មទូទាំងពិភពលោក ឬ ហៅម្យ៉ាងទៀតថា ប្រព័ន្ធសកម្មភាពដែលកាត់បន្ថយថ្លៃដើមទូទាំងពិភពលោក។

អ្នកនាង សូហ្វៀរ ចាង គឺជាអនុប្រធានក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅប្រទេសរុស្ស៊ី ដែលមានឈ្មោះថា អុំកា ឆៃណា (Umka China) បាននិយាយថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច បានជួយឱ្យក្រុមហ៊ុនចិនខ្នាតតូចជាច្រើន អាចពង្រីកអាជីវកម្មរបស់ខ្លួន ទៅក្រៅប្រទេស ។

បច្ចុប្បន្ន មានរោងចក្រចិនជាច្រើន ដែលមានសមត្ថភាពផលិតដ៏ពូកែ កំពុងផលិតគ្រឿងបង្គុំដែលស្របតាមស្តង់ដា អូ អ៊ី អឹម (OEM) សម្រាប់លក់ឱ្យក្រុមហ៊ុនលំដាប់កំពូលៗក្នុងពិភពលោក៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម