Connect with us

ជប៉ុន ផ្ដល់ជំនួយឥតសំណង រថយន្ដបំពាក់ម៉ាស៊ីនបូមទឹកចល័ត ២គ្រឿងដល់អាជ្ញាធររាជធានីភ្នំពេញ

ភ្នំពេញ៖ រថយន្តបំពាក់ដោយម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបូមទឹកជន់លិចនៅតំបន់នានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយនេះក៏ជាជំនួយក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានី ភ្នំពេញជំហានទី៤ផងដែរ ដែលជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។

ក្នុងពិធីប្រគល់ និងទទួល កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានឱ្យដឹងថា នេះគឺជាការផ្គត់ផ្គង់គ្រឿងចក្រ ជាលើកទី២ បន្ទាប់ពីផ្គត់ផ្គង់រថយន្តបូមទឹកសម្អាតបណ្ដាញលូចំនួន៤គ្រឿង និងរថយន្តបាញ់លាងសម្អាតចំនួន៤ គ្រឿងស្ថិតក្នុងគម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញជំហានទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនកាលពីខែកញ្ញា ឆ្នាំ២០១៥។

លោក យូអ៊ីជី ស៊ូហ្កាណូ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា គម្រោងការពារទឹកជំនន់ និង កែលម្អប្រព័ន្ធប្រឡាយក្នុងរាជនីភ្នំពេញជំហានទី៤ បានចាប់ផ្តើមឡើងកាលពីខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងនេះនឹងបញ្ចប់នៅក្នុងខែ១០ ឆ្នាំ២០២១។

លោកបានបញ្ជាក់ផងដែរថា ចំពោះរថយន្ត ២គ្រឿង ដែលប្រគល់ជូននេះ មានកម្លាំងខ្លាំង រហ័សលឿនដែល អាចបូមទឹករំដោះការលិចលង់ នៅក្នុងរាជធានីភ្នំពេញ និងអាចប្រើប្រាស់បានយូរអង្វែងផងដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រថយន្តដែលបំពាក់ ម៉ាស៊ីនបូមទឹកដែលទទួលពីជប៉ុននៅពេលនេះ គឺក្នុងមួយគ្រឿងមានសមត្ថភាពបូមទឹកបាន ៣០ម៉ែត្រគុបក្នុង១នាទី និងទុយោបង្ហៀរប្រវែង ៣០០ម៉ែត្រ សម្រាប់ចល័តបូមទឹកភ្លៀង ដែលជន់លិច ហើយបង្ហូរចូលប្រឡាយបឹងដែលនៅជិត ដើម្បីបង្ការកុំឱ្យមានការខូចខាតដល់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងរថយន្តមួយគ្រឿងបំពាក់ម៉ាស៊ីនភ្លើង និងគ្រឿងម៉ាស៊ីនបូមទឹក ចំនួន៦គ្រឿង និងទុយោបង្ហៀរ៥០ម៉ែត្រសម្រាប់ម៉ាស៊ីនបូមទឹកនីមួយៗ។

សម្រាប់ ប្រតិបត្តិការម៉ាស៊ីនបូមទឹក គឺអាចបូមស្របគ្នាឬ ដោយឡែកពីគ្នាទាំង៦គ្រឿង ដែលមាន ទុយោ បង្ហៀរចំនួន៦ ខ្សែ ឬក៏អាចបូមបន្តគ្នាចំនួនពីរគ្រឿង ដែលមានទុយោបបង្ហៀរចំនួន៣ គ្រឿងសម្រាប់ទីតាំងបង្ហូរចេញនៅឆ្ងាយ ឬកន្លែងបូមមានជម្រៅជ្រៅ៕

ប្រភព៖ AKP

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com