Connect with us

មកដឹងជុំវិញព្រឹត្តិការណ៍ក្រោយនាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា Westerdam ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីស្វែងរកទីចូលចតមិនបាន អស់រយៈពេល ១២ថ្ងៃ ដោយត្រូវបានប្រទេសនិងកោះមួយចំនួន បដិសេធការសុំចូលចត ក្រោមហេតុផលព្រួយបារម្ភពីការឆ្លងរីករាលដាលនៃវីរុស Covid-19 ឬ កូរ៉ូណាប្រភេទថ្មី។ នាវាទេសចរណ៍ខ្នាតយក្សនេះ ផ្ទុកមនុស្សប្រមាណ២២០០នាក់ ក្នុងនោះ មានភ្ញៀវទេសចរប្រមាណ ១៤៥៥នាក់ និងបុគ្គលិកបម្រើការ ៨០២នាក់ បានចេញធ្វើដំណើរចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកុម្ភៈ។

មិនត្រឹមតែអនុញ្ញាតឱ្យនាវាទេសចរណ៍នេះបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ថែមទាំងបានអញ្ជើញចុះទៅជួបផ្ទាល់ជាមួយអ្នកដំណើរដែលចុះពីលើនាវាទេសចរណ៍នេះ ទៀតផង។ សម្ដេច បានប្រកាសថា កម្ពុជា មិនយកថ្លៃទិដ្ឋាការ (Visa) និងសេវាកម្មផ្សេងៗនោះឡើយពីអ្នកដំណើរនាវា Westerdam នោះទេ។

ដោយឡែក ក្រុមហ៊ុននាវាទេសចរណ៍ Westerdam បានជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរដែលបានត្រូវពិនិត្យសុខភាព និងអវិជ្ជមានវីរុស Covid-19 ពីព្រលានយន្តហោះកេងកង ក្នុងខេត្តព្រះសីហនុ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងហោះហើរទៅកាន់គោលដៅរបស់អ្នកដំណើរទាំងនោះ។

ប្រទេសម៉ាឡេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ បានធ្វើរោគវិនិច្ឆ័យចំពោះស្ត្រីជនជាតិអាមេរិក អាយុ ៨១ឆ្នាំម្នាក់ ហើយរកឃើញថា គាត់មានផ្ទុកវីរុស Covid-19 បន្ទាប់ពីស្ត្រីរូបនោះ បានចុះពីនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ រួចប្រើប្រាស់ជើងហោះហើរចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាមួយអ្នកដំណើរដែលចុះពីលើនាវា ប្រមាណ ១៤៥នាក់។ ក្រសួងសុខាភិបាលកម្ពុជា បានស្នើឱ្យម៉ាឡេស៊ី ធ្វើការពិនិត្យសាជាថ្មី ចំពោះករណីស្ត្រីខាងលើ ថាតើគាត់ពិតជាមានផ្ទុកវីរុសនោះ ពិតប្រាកដមែនឬយ៉ាងណា។ ចំណែក ស្វាមីរបស់ស្ត្រីរូបនោះ ត្រូវបានធ្វើតេស្តផងដែរ តែរកមិនឃើញផ្ទុកវីរុស Covid-19 ឡើយ។ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានយល់ស្រប និងបានធ្វើតេស្តស្ត្រីនោះជាលើកទី២ ហើយលទ្ធផល បានបង្ហាញដដែលថា គាត់មានផ្ទុកវីរុស Covid-19 ។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី Waz Azizah Wan Ismail ក៏បានប្រកាសថា ម៉ាឡេស៊ី ផ្អាកទទួលអ្នកដំណើរដែលចុះពីនាវាទេសចរណ៍ Westerdam ផងដែរ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ត្រីជនជាតិអាមេរិកខាងលើ និងភ្ញៀវទេសចរដទៃទៀតនៅលើនាវាទេសចរណ៍ Westerdam ត្រូវបានធ្វើរោគវិនិច្ឆ័យដើម្បីស្វែងរកអាការៈនៃវីរុស Covid-19 ។ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការងារនេះ ជាមួយអង្គការសុខភាពពិភពលោក និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com