Connect with us

មកដឹងពីតួលេខមនុស្សដែលនៅសល់លើនាវាទេសចរណ៍ Westerdam

ព្រះសីហនុ៖ ក្រុមហ៊ុន Holland America Line ដែលគ្រប់គ្រងលើនាវាទេសចរណ៍ Westerdam បានប្រកាសថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរកម្ពុជា និងអ្នកជំនាញសុខភាព ដើម្បីទាក់ទងទៅកាន់អ្នកដំណើរដែលបានចុះពីលើនាវា Westerdam នៅកំពង់ផែក្រុងព្រះសីហនុ។នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រភពឱ្យដឹងថា យ៉ាងហោចណាស់អ្នកដំណើរ ២៣៦នាក់ និងបុគ្គលិកបម្រើការលើនាវាចំនួន ៧៤៧នាក់ កំពុងស្ថិតនៅលើនាវាទេសចរណ៍ Westerdam នៅឡើយ។ ចំណែក អ្នកដែលបានឡើងគោករួច ខ្លះកំពុងស្នាក់នៅសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ។

អ្នកដំណើរម្នាក់ ឈ្មោះ Holley Rauen បុគ្គលិកសុខាភិបាលមកពីរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានប្រាប់ Reuters ថា អ្នកដំណើររាប់រយនាក់ កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជានៅឡើយ។

ក្រុមហ៊ុននាវាទេសចរណ៍ Westerdam បានឱ្យដឹងថា ក្រៅពីស្ត្រីជនជាតិអាមេរិក អាយុ៨៣ឆ្នាំ ដែលត្រូវបានរកឃើញថា មានផ្ទុកវីរុសកូវីដ១៩ នៅប្រទេសម៉ាឡេស៊ី គឺមិនមានអ្នកដំណើរផ្សេងទៀត (១៤៥៤នាក់) ឬបុគ្គលិកបម្រើការលើនាវា (៨០២នាក់) ដែលចេញរោគសញ្ញានៃវីរុសកូវីដ១៩នោះទេ។ ក្នុងនោះ ស្វាមីរបស់ស្ត្រីដែលផ្ទុកវីរុសកូវីដ១៩ ក៏គ្មានរោគសញ្ញានៃវីរុសនេះដែរ។

សេចក្ដីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Holland America Line បានបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរ ដែលបានវិលត្រឡប់ទៅដល់ប្រទេសកំណើតរបស់ពួកគេហើយ អាជ្ញាធរសុខាភិបាលមូលដ្ឋាន នៃបណ្ដាប្រទេសទាំងនោះ នឹងទាក់ទងទៅកាន់ពួកគេ ដើម្បីត្រួតពិនិត្យសុខភាព។

អ្នកដំណើរភាគច្រើន នៅលើនាវាទេសចរណ៍ Westerdam ត្រូវបានអាជ្ញាធរកម្ពុជា អនុញ្ញាតឱ្យធ្វើដំណើរទៅកាន់គោលដៅរៀងៗខ្លួន បន្ទាប់ពីទទួលការត្រួតពិនិត្យសុខភាព។ ក្នុងនោះ អាជ្ញាធរម៉ាឡេស៊ី បានរាយការណ៍ថា អ្នកដំណើរដែលបានចុះពីលើនាវា Westerdam ចំនួន ១៤៥នាក់ បានទៅដល់ទីក្រុងកូឡាឡាំពួរ តាមរយៈជើងហោះហើរផ្សេងៗ ដោយ ១៣៧នាក់ ត្រូវបានអនុញ្ញាតឱ្យឡើងជើងហោះហើរបន្តឆ្ពោះទៅតាមបណ្ដាប្រទេសដែលជាគោលដៅរបស់ពួកគេ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ។ ចំណែក អ្នកដែលនៅសេសសល់ និងស្ត្រីអាយុ ៨៣ឆ្នាំ ដែលផ្ទុកវីរុសកូវីដ១៩ ស្ថិតនៅក្នុងការពិនិត្យរង់ចាំលទ្ធផលសុខភាព ឬទទួលការព្យាបាល។

អ្នកដំណើរមួយចំនួន បានធ្វើដំណើរតាមជើងហោះហើរទៅកាន់ប្រទេសថៃ ដើម្បីបន្តទៅគោលដៅរៀងៗខ្លួន។ កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថា អ្នកដំណើរដែលបានចុះពីនាវាទេសចរណ៍ Westerdam ចំនួន ៣៥នាក់ ក្នុងនោះមានជនជាតិថៃ ២នាក់ បានទៅដល់ព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ កាលពីម្សិលមិញ ហើយអាជ្ញាធរសុខាភិបាលថៃ មិនបានរកឃើញអ្នកដំណើរណាម្នាក់ ក្នុងចំណោមពួកគេ មានផ្ទុកវីរុសកូវីដ១៩ឡើយ៕

ប្រភព៖   https://www.reuters.com/article/us-china-health-cambodia-cruiseship/scramble-to-track-cambodia-cruise-ship-passengers-after-coronavirus-case-reported-idUSKBN20B082

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com