Connect with us

ក្រសួងសុខាភិបាលកម្ពុជា បន្តពិនិត្យសុខភាពអ្នកដំណើរនាវាវេស្ទឺដាមនៅភ្នំពេញ និងក្រុងព្រះសីហនុ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាស ចុះថ្ងៃទី១៧ ខែកុម្ភៈ ស្ដីពី ការពង្រឹងការតាមដាន និងវិធានការឆ្លើយតបទៅនឹងករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (COVID-19) នៅកម្ពុជា។ 

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារឆ្លើយតបការរាតត្បាតនៃវីរុសកូវីដ១៩ បានកោះប្រជុំជាបន្ទាន់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសុខាភិបាល ហើយក្រុមការងារ បានឯកភាពលើវិធានការសុខភាពសាធារណៈ៖ ទី១ ធ្វើការពិនិត្យសុខភាពអ្នកដំណើរលើនាវាខ្នាតធំវេស្ទឺដាម (Westerdam) ទាំងអស់នៅភ្នំពេញ និងនៅក្រុងព្រះសីហនុ ដើម្បីពិនិត្យរកមើលរោគសញ្ញាណាមួយដែលកើតឡើង។ ទី២ រាល់បុគ្គលដែលមានរោគសញ្ញាដូចជា ក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ត្រូវផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរសុខាភិបាលក្នុងស្រុក និងប្រាប់ពីប្រវត្តិធ្វើដំណើរ។

បន្ថែមពីនេះ ក្រសួងសុខាភិបាល ធ្វើតេស្តដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើអ្នកដំណើរដោយនាវេស្ទឺដាម ដែលនៅសេសសល់កំពុងស្នាក់នៅប្រទេសកម្ពុជា។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គឺបន្ទាប់ពីកម្ពុជា ទទួលព័ត៌មានពីក្រសួងសុខាភិបាលម៉ាឡេស៊ី ថា មានករណីវីរុសកូវីដ១៩ ត្រូវបានរកឃើញលើអ្នកទេសចរម្នាក់ ដែលបានធ្វើដំណើរតាមនាវាវេស្ទឺដាម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ស្ត្រីជនជាតិអាមេរិកកាំង មានអាយុ ៨៣ឆ្នាំ និងបច្ចុប្បន្ន កំពុងស្ថិតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ គាត់បានធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក ពីក្រុងព្រះសីហនុ កាត់តាមទីក្រុងកូឡាឡាំពួរ។ គាត់ជាអ្នកដំណើរម្នាក់ ក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកបម្រើការលើនាវា សរុបចំនួន ២២៥៧នាក់ នៅលើនាវាវេស្ទឺដាម ដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីជាប់គាំងក្នុងសមុទ្រ ដែលប្រទេសចំនួន៥ បដិសេធមិនឱ្យចូលចត។ នាវានេះ មានផ្ទុកមនុស្សចំនួន ៤១សញ្ជាតិ។

នាវាដដែល បានចូលចតនៅថ្ងៃទី១៤ កុម្ភៈ ហើយរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យអ្នកដំណើរចុះពីនាវា ដោយផ្អែកលើ៖ ទី១ ទម្រង់ប្រកាសសុខភាពរបស់នាវា ដែលអាជ្ញាធរកំពង់ផែបានទទួល បញ្ជាក់ថាមានបុគ្គលចំនួន ១៨នាក់ លើនាវាមានបញ្ហាសុខភាពក្នុងរយៈពេលធ្វើដំណើរ។ ទម្រង់ប្រកាសសុខភាពដែលចេញដោយក្រសួងសុខាភិបាលកម្ពុជា ត្រូវបានប្រមូលពីអ្នកដំណើរ និងនាវិកទាំងអស់។ សំណាកពីច្រមុះ និងបំពង់ក ត្រូវបានប្រមូលពីបុគ្គល ២០រូប ដែលត្រូវបានរាយការណ៍ថា មានរោគសញ្ញាស្រដៀងផ្ដាសាយ ឬរាគរូស នៅពេលយកសំណាក ឬក្នុងពេលធ្វើដំណើរ។ សំណាកត្រូវបានបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីធ្វើតេស្ត រកវីរុសកូវីដ១៩ ។ សំណាកទាំងអស់ មានលទ្ធផលតេស្តអវិជ្ជមាន។ ទី២ មុនពេលចុះពីលើនាវា ក្រុមការងារក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត បានត្រួតពិនិត្យសីតុណ្ហភាព លើបុគ្គលទាំងអស់លើនាវា ហើយមិនបានរកឃើញថាមានគ្រុនក្ដៅទេ។

សេចក្ដីប្រកាសបន្តថា នៅថ្ងៃទី១៤ កុម្ភៈ មនុស្ស ៤០៩ នាក់ បានចុះពីលើនាវាវេស្ទឺដាម ដោយធ្វើដំណើរតាមយន្តហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងបន្តជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ពួកគេ។ នៅថ្ងៃទី១៥-១៦ កុម្ភៈ អ្នកដំណើរ ៦១០នាក់ទៀត ពីនាវាដដែល មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរង់ចាំចេញដំណើរទៅកាន់ប្រទេសពួកគេ។

 

ក្រសួងសុខាភិបាល បាននិងកំពុងអនុវត្តតាមនិយាមស្ដង់ដារបច្ចេកទេស និងនិយ័តកម្មអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក រាល់ពេលប្រតិបត្តិការនៅលើនាវា និងនៅដីគោក មានការសហការពីអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។

ក្រសួងបានឱ្យដឹងដែរថា មកទល់ពេលនេះ មិនមានប្រជាជនកម្ពុជា ណាម្នាក់ ដែលមានផ្ទុកវីរុសកូវីដ១៩ នោះទេ៕



  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com