Connect with us

អ៊ីស្រាអែល នឹងដាក់អ្នកដំណើរមកពីថៃ និងប្រទេស/ក្រុង៣ ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ តែមិនមានកម្ពុជាទេ

អ៊ីស្រាអែល៖ ក្រសួងសុខាភិបាលនៃប្រទេសអ៊ីស្រាអែល បានប្រកាសថា អ្នកដំណើរមកពីប្រទេសថៃ រួមទាំងប្រទេសសិង្ហបុរី ទីក្រុងម៉ាកាវ និងទីក្រុងហុងកុង នឹងត្រូវដាក់ដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ លើកលែងអ្នកដំណើរដែលចុះប្ដូរជើងហោះហើរ នៅក្នុងប្រទេស និងទីក្រុងទាំង៤ ដើម្បីហោះបន្តមកអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលដកស្រង់ពីសេចក្ដីប្រកាសរបស់ស្ថានទូតថៃប្រចាំអ៊ីស្រាអែល ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ស្ថានទូតថៃ បានណែនាំឱ្យប្រជាពលរដ្ឋថៃ កុំទាន់ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល លុះត្រាតែមានការជូនដំណឹងនៅពេលក្រោយ។ អ្នកដំណើរពីប្រទេសថៃ សិង្ហបុរី ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ នឹងត្រូវដាក់ដាច់ដោយឡែក នៅពេលដែលពួកគេ ជាន់លើទឹកដីអ៊ីស្រាអែល ដើម្បីការពារការឆ្លងរីករាលដាលវីរុសកូវីដ១៩ ឬកូរ៉ូណាប្រភេទថ្មី។

ស្ថានទូតថៃប្រចាំអ៊ីស្រាអែល បានបញ្ជាក់ថា ទោះបីជាអ្នកដំណើរគ្មានរោគសញ្ញាវីរុសកូវីដ១៩ក៏ដោយ ក៏អាជ្ញាធរអ៊ីស្រាអែល នឹងចាប់វិធានការចំពោះអ្នកដំណើរមកពីប្រទេសទាំងនេះ។

លោក Tanarak Plipat អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ បានថ្លែងថា ប្រទេសនីមួយៗ មានសិទ្ធិក្នុងការដាក់ចេញវិធានការរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។ ដូចគ្នានេះដែរ ថៃ ក៏មានវិធានការរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ បានចេញវិធានការ ដាក់អ្នកដំណើរដែលជិះនាវាទេសចរណ៍ Westerdam ដែលចតនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ មក។

យោងតាមសារព័ត៌មាន CNA ប្រទេសសិង្ហបុរី នឹងមិនអនុញ្ញាតឱ្យអ្នកដំណើរចុះពីនាវា Westerdam ឆ្លងកាត់ប្រទេសខ្លួន ដើម្បីប្ដូរជើងហោះហើរផងដែរ។

រីឯប្រទេសម៉ាឡេស៊ី បានប្រកាសថា ម៉ាឡេស៊ី ផ្អាកទទួលអ្នកដំណើរដែលចុះពីនាវាទេសចរណ៍ Westerdam បន្ទាប់ពីស្ត្រីជនជាតិអាមេរិកម្នាក់ ដែលបានធ្វើដំណើរលើនាវានេះ មានផ្ទុកវីរុសកូវីដ១៩៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com