Connect with us

វិភាគ៖ តើអនាគតលោក Pep Guardiola ទៅជាយ៉ាងណា ក្រោយការពិន័យដ៏ធ្ងន់ទៅលើ Man City ?

បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសម្រេចដាក់ពិន័យក្លិបបាល់ទាត់ Manchester City មិនឱ្យចូលរួមគ្រប់កម្មវិធីប្រកួតជើងឯកទ្វីបអឺរ៉ុប រយៈពេល ២រដូវកាល និងពិន័យជាប្រាក់ចំនួន ៣២,៥ លានដុល្លារអាមេរិក។ ការសម្រេចនេះ គឺក្រោយពី UEFA រកឃើញថា ក្រុមមេឃខៀវ បានរំលោភបំពានលើគោលការណ៍តម្លាភាពហិរញ្ញវត្ថុ FFP ។

Manchester City អាចនឹងធ្វើការប្ដឹងបក ឬប្ដឹងឧទ្ធរណ៍ទៅកាន់តុលាការអន្តរជាតិផ្នែកកីឡា CAS ដើម្បីឱ្យពិនិត្យឡើងវិញ និងដកការពិន័យចេញវិញ។ តើអ្វីខ្លះ ដែលនៅពីក្រោយការពិន័យទៅលើក្លិប Manchester City ? តើ Pep Guardiola អាចបន្តដឹកនាំ Manchester City ទៀត ឬក៏ លោកនឹងចែកផ្លូវពីក្លិបនេះ?

នៅខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនាវដ្ដី Der Spiegel នៅប្រទេសអាល្លឺម៉ង់ បានរាយកាណ៍ថា City និងម្ចាស់ឧបត្ថម្ភរបស់ខ្លួន បានរំលោភបំពានលើគោលការណ៍តម្លាភាពហិរញ្ញវត្ថុ FFP ដែលត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ការចំណាយហួសហេតុរបស់ក្លិបបាល់ទាត់នីមួយៗ។

គោលការណ៍តម្លាភាពហិរញ្ញវត្ថុ ក្នុងពិភពកីឡា បានចែងថា ក្លិបនីមួយៗ អាចខាតបង់ទឹកប្រាក់ត្រឹម ៣២លានដុល្លារអាមេរិកតែប៉ុណ្ណោះ ក្នុងអំឡុងរយៈពេល ៣រដូវកាល (កាត់កងចំណូល និងចំណាយ)។ ក្នុងករណីក្លិបណាមួយ ខាតបង់លើសពីចំនួនកំណត់នេះ UEFA អាចចោទប្រកាន់ក្លិបនោះ ចំពោះការរំលោភបំពានគោលការណ៍របស់ខ្លួន។ ដូច្នេះ ការពិន័យទៅលើ Manchester City ទាក់ទងនឹងការចំណាយ ច្រើនជាងចំណូលរបស់ក្លិប។

បន្ទាប់ពីការសម្រេចរបស់ UEFA សារព័ត៌មាននានា បានងាកទៅចាប់អារម្មណ៍លើអ្នកចាត់ការទូទៅ Pep Guardiola ដែលធ្លាប់ជួយឱ្យ Man City ទទួលបានសមិទ្ធផលជាច្រើនចាប់តាំងពីរូបលោក ចូលដឹកនាំចាប់ពីឆ្នាំ២០១៦មក បន្ទាប់ពីជោគជ័យក្នុងការដឹកនាំនៅក្លិប Barcelona និងក្លិប Bayern Munich ។ Pep បានចុះកុងត្រាជាមួយ Man City ដែលមានរយៈពេលផុតកំណត់កុងត្រា នៅឆ្នាំ២០២១។

សមិទ្ធផលរបស់ Pep នៅ City គឺ ការជួយឱ្យពួកគេ ក្លាយជាជើងឯក ក្របខណ្ឌលីគបាល់ទាត់កំពូលអង់គ្លេស រដូវកាល២០១៧-១៨ និង ២០១៨-១៩, ជើងឯកពានរង្វាន់ FA Cup អង់គ្លេសរដូវកាល ២០១៨-១៩, ជើងឯកពានរង្វាន់ EFA Cup អង់គ្លេសរដូវកាល២០១៧-១៨ និង ២០១៨-១៩ ព្រមទាំងជើងឯកពានរង្វាន់បើករដូវកាល FA Community Shield អង់គ្លេសឆ្នាំ២០១៨ និង ២០១៩។

មើលលើសមិទ្ធផលខាងលើ គេអាចនិយាយបានថា Pep ជួយឱ្យ City ឈ្នះពានក្នុងស្រុកគ្រប់ប្រភេទហើយ នៅឡើយតែពានរង្វាន់លំដាប់ថ្នាក់តំបន់ទ្វីបអឺរ៉ុប ជាពិសេសពានរង្វាន់ UEFA Champions League ។ នេះក៏ជាមូលហេតុដែលក្លិបនេះ សម្រេចយកលោក Pep មកដឹកនាំ។

ដូចដែលបានបញ្ជាក់នៅខាងលើ Man City ត្រូវបានពិន័យមិនឱ្យចូលរួមគ្រប់កម្មវិធីប្រកួតនៅទ្វីបអឺរ៉ុបរយៈពេល ២រដូវកាល មានន័យថា លោក Pep នឹងមិនអាចជួយឱ្យ City ឈ្នះពានរង្វាន់ Champions League បានឡើយ បើយោងតាមកុងត្រាជាមួយក្លិប ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២១។ Pep ដែលធ្លាប់តែសាងកេរ្តិ៍ឈ្មោះ និងត្រូវបានចាត់ទុកជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ សុខចិត្តនៅដឹកនាំ Man City ទាំងដឹងថា មិនអាចឈ្នះពានរង្វាន់ Champions League ដែរ ឬទេ? ជម្រើសមានពីរ គឺលោក ត្រូវតែឈ្នះ Champions League នៅរដូវកាលនេះ ឬបើមិនដូច្នោះទេ លោកត្រូវបន្តកុងត្រាជាមួយ City ដោយរង់ចាំដល់ផុតការពិន័យរបស់ UEFA ។ សម្រាប់ក្លិបវិញ ប្រសិនបើមិនអាចឈ្នះរឿងក្ដីនៅតុលាការឧទ្ធរណ៍ទេនោះ អាចនឹងពិចារណាលើអនាគតរបស់ Pep ដោយត្រូវចែកផ្លូវពីគ្នា ឬក៏បន្តកុងត្រាឱ្យគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម