Connect with us

អស្ចារ្យណាស់! ភាពយន្តរឿង “អន្ទាក់ស្នេហ៍” ជាស្នាដៃដឹកនាំផលិតដោយអតីតក្មេងរើសសំរាមនៅស្ទឹងមានជ័យ

ភ្នំពេញ៖ ភាពយន្តរឿង “អន្ទាក់ស្នេហ៍” ដែលបានសម្ពោធជាផ្លូវការកាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានចាក់បញ្ចាំងលើរោងភាពយន្ត និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ទស្សនិកជនដែលបានចូលរួមទស្សនារួច ដោយសារនេះគឺជាស្នាដៃរបស់កូនខ្មែរសុទ្ធសាធ។

សាច់រឿងបែបស្នេហាស្រុកស្រែដែលមានអត្ថន័យនំមិនធំជាងនាឡិ ត្រូវបានម្តាយខាងស្រីបំបែកបំបាក់ដោយសារសម្លឹងឃើញប្រាក់ជាធំពីបុរសចំណាស់ម្នាក់ បានប្រើអំណាចទឹកប្រាក់មកទិញយកស្នេហាដ៏បរិសុទ្ធរបស់អ្នកទាំងពីរ។ ភាពយន្តរឿង “អន្ទាក់ស្នេហ៍” នេះផងដែរ គឺជាស្នាដៃនិពន្ធរបស់លោកសាស្ត្រាចារ្យ ចាន់ សារិន ដឹកនាំសម្តែងដោយសាស្ត្រាចារ្យផ្នែកល្ខោនយីកេ គឺលោក វ៉ន ប៊ុនស៊ីម នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈរាជធានីភ្នំពេញ សហការជាមួយនឹងលោក ព្រីកា ដែលគ្រប់គ្នាបានស្គាល់ថា ជាកូនប្រុសចិញ្ចឹមរបស់លោក Scott Neeson ប្រធានអង្គការ Cambodian Children Fund ហៅកាត់ CCF។

គួររំឮកដែរថា លោក Scott Neeson បានបោះបង់អាជីពការងារជាអ្នកផលិតភាពយន្តនៅហូលីវូដ ដើម្បីគ្រាន់តែចង់សម្រេចគោលបំណងមួយ គឺចង់ជួយកុមារកំព្រានៅកម្ពុជាឱ្យមានកន្លែងជ្រកកោន និងបានសិក្សាដើម្បីជាទុនសម្រាប់ថ្ងៃអនាគត។ ជាក់ស្តែងក្នុងចំណោមកុមារកំព្រាទាំងអស់ យុវជន ព្រីកា គឺជាអតីតក្មេងរើសសំរាមនៅស្ទឹងមានជ័យ ដែលលោក Scott បានយកមកបណ្តុះបណ្តាលរហូតទទួលបានសមិទ្ធផលជាច្រើន ចំណែកឯភាពយន្តរឿង អន្ទាក់ស្នេហ៍ នេះដែរ លោកក៏មានតួនាទីជាជំនួយការផលិតករ ក៏ដូចជាអ្នកគ្រប់គ្រងការផលិតក្នុងរឿងដែលកំពុងទទួលបានចាប់អារម្មណ៍នេះដែរ។

ជាមួយនឹងពាក្យឡើងថ្លែងសុន្ទរកថានៅថ្ងៃសម្ពោធភាពយន្តនេះផងដែរ យុវជន ព្រីកា ក៏បានថ្លែងអំណរគុណ និងការដឹងគុណជាខ្លាំងទៅដល់ឪពុកចិញ្ចឹមខ្លួនលោក Scott Neeson បើទោះបីជាមិនមានវត្តមានលោក Scott នៅទីនោះ ដោយសារជាប់បេសកកម្មនៅប្រទេសអង់គ្លេស ក៏ដោយតែលោក ក៏កំពុងតែធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដែរ ដើម្បីចូលរួមអបអរសាទរ និងគាំទ្រស្នាដៃរបស់កូនចិញ្ចឹមខ្លួន។

ជាចុងក្រោយ យុវជន ព្រីកា តំណាងផលិតកម្ម Space Sp Production ក៏សូមអញ្ជើញបងប្អូនចូលរួមទស្សនារឿង អន្ទាក់ស្នេហ៍ ឱ្យបានច្រើនកុះករដើម្បីស្វែងយល់ពីសាច់រឿង និងគុណភាពនៃការផលិតដែលជាស្នាដៃរបស់កូនខ្មែរពិតៗ៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com