Connect with us

ទម្លាប់ប៉ុន្មានយ៉ាងនេះ ធ្វើឱ្យធ្មេញខូចដោយមិនដឹងខ្លួន

គ្នាយើងភាគច្រើនមិនសូវគិតអំពីសុខភាពមាត់ធ្មេញឲ្យបានដិតដល់នោះទេ មានគ្នាយើងខ្លះតែងតែបរិភោគអាហារ និងភេសជ្ជៈតាមចិត្តចង់ដោយមិនបានដឹងថាទម្លាប់នេះអាចប៉ះពាល់ដល់សុខភាពមាត់ធ្មេញនោះទេ។ ទម្លាប់និងសកម្មភាពទាំងនេះអាចនឹងធ្វើឱ្យធ្មេញរបស់យើងមានបញ្ហាបាន។

១- ទំពារទឹកកក

ទោះបីជាទឹកកកមានលក្ខណៈធម្មជាតិ និងគ្មានជាតិស្ករក៏ដោយ តែទឹកកកក៏អាចធ្វើឱ្យប៉ះពាល់ដល់ធ្មេញរបស់យើងធ្ងន់ធ្ងរជាងរបស់ផ្អែមផងដែរ។ គ្នាយើងខ្លះចូលចិត្តទំពារទឹកកកលេងដោយមិនដឹងពីការខូចខាតដែលធ្មេញទទួលបាននោះទេ។ គ្នាយើងដឹងទេថាដុំទឹកកកគឺរឹងល្មមដែលអាចបំបែកធ្មេញយើងបាន និងថែមទាំងរំខានដល់ជាលិកាទន់នៅក្នុងធ្មេញ និងធ្វើឱ្យឈឺធ្មេញទៀតផង។

២- បៅទឹកដោះគោនៅពេលយប់

ឪពុកម្ដាយមួយចំនួនឧស្សាហ៍បំបៅទឹកដោះគោ ឬ ទឹកផ្លែឈើដល់បេប៊ីមុនពេលចូលគេង ដើម្បីកុំឲ្យបេប៊ីឃ្លាននៅពេលយប់អធ្រាត្រ។ ទោះយ៉ាងណាក៏ដោយការបំបៅកូននៅពេលយប់បែបនេះគឺជាការចាប់ផ្ដើមនៃការខូចធ្មេញស្របពេលដែលធ្មេញទារកគ្របដណ្ដប់ទៅដោយជាតិស្ករពេញមួយយប់។

៣- ចោះក្រវិលអណ្ដាត

គ្នាយើងខ្លះបានចោះក្រវិលនៅអណ្ដាត ដែលថាមើលទៅគួរឱ្យទាក់ទាញ ប៉ុន្តែនៅពេលដែលយើងចៃដន្យខាំត្រូវកងដែកនោះនឹងធ្វើឲ្យបែកធ្មេញបាន។ ការចោះក្រវិលមាត់ក៏មិនមានសុវត្ថិភាពប៉ុន្មានដែរ។ ស្របពេលដែលកងដែកត្រដុសទៅនឹងអញ្ចាញគឺអាចធ្វើឱ្យមានរបួស និងឈានទៅរកការបាត់បង់ធ្មេញផងដែរ។ ក្នុងមាត់របស់យើងគឺជាជម្រកនៃបាក់តេរីរាប់ពាន់ហើយចំពោះគ្នាយើងដែលធ្វើការចោះក្រវិលនេះអាចនឹងបង្កើតបរិស្ថានដ៏ល្អមួយសម្រាប់បាក់តេរីទាំងនោះរីកលូតលាស់។

៤- ការសង្កៀតធ្មេញ

គ្នាយើងមិនតិចនាក់ទេដែលមានធ្មេញសឹកដោយសារការសង្កៀតធ្មេញ។ ការធ្វើបែបនេះច្រើនតែកើតឡើងដោយសារស្រ្តេស និងអំឡុងពេលគេងលក់ហើយទម្លាប់មួយនេះពិបាកនឹងកែណាស់។ ប្រសិនបើគ្នាយើងមានទម្លាប់នេះជម្រើសដ៏ល្អបំផុតគឺជៀសវាងអាហាររឹង។ ម្យ៉ាងទៀតយើងក៏អាចពាក់ប្រដាប់ការពារមាត់ធ្មេញដើម្បីបង្ការការខូចខាតធ្មេញ។

៥- ស្ករគ្រាប់បំបាត់ក្អក

ទោះបីជាស្ករគ្រាប់បំបាត់ក្អកត្រូវបានចាត់ទុកជាថ្នាំក៏ដោយ ប៉ុន្តែស្ករប្រភេទនេះក៏មិនសូវល្អប៉ុន្មានដែរ។ ដើម្បីបង្កើតរសជាតិនៃថ្នាំបានខាងរោងចក្រតែងតែស្រោបថ្នាំក្អកនេះជាមួយស្ករដ៏ច្រើនដែលធ្វើឱ្យមានគ្រោះថ្នាក់ដូចជាស្ករគ្រាប់ធម្មតាដែរ។ ហេតុនេះក្រោយបៀមស្ករគ្រាប់បំបាត់ក្អកកុំភ្លេចដុសសម្អាតធ្មេញផង។

៦- ផឹកទឹកសូដា

ទឹកសូដាមួយកែវអាចមានផ្ទុកជាតិស្កររហូតដល់១១ស្លាបព្រាកាហ្វេ។ បន្ថែមពីនេះទៀតទឹកសូដាគឺសំបូរទៅដោយអាស៊ីដផូស្វរិច និងស៊ីទ្រិចដែលទៅកម្ទេចកាចាធ្មេញរបស់យើងបាន។ កុំគិតថាយើងនឹងមានសុវត្ថិភាពទោះបីយើងផឹកទឹកសូដាសម្រកទម្ងន់ (Diet soda) ក៏ដោយ។ ទឹកសូដាសម្រកទម្ងន់ (Diet soda) ប្រើស្ករសិប្បនិម្មិតច្រើនដែលធ្វើឱ្យមានកម្រិតជាតិអាស៊ីដខ្ពស់។

៧- ហែកកញ្ចប់អ្វីមួយដោយប្រើធ្មេញ

វាពិតជាចំណេញពេលវេលាណាស់ក្នុងការប្រើធ្មេញហែកកញ្ចប់អ្វីមួយ។ ប៉ុន្តែការដែលយើងធ្វើបែបនេះគឺមិនបានយូរអង្វែងនោះទេ។ ទង្វើនៃការហែករបស់របរនេះអាចធ្វើឱ្យធ្មេញរបស់យើងបាក់បែក។ គួរប្រើកន្ត្រៃ ឬប្រដាប់គាស់គម្របដបប្រសើរជាង ព្រោះថាធ្មេញដុះចេញមកសម្រាប់បរិភោគអាហារមិនមែនសម្រាប់ហែក ឬ បើករបស់របរនោះទេ៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com