Connect with us

អគ្គនាយកអន្តោប្រវេសន៍ថ្មី អះអាងក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈជនជាតិចិន នឹងបន្តហូរចូលមកកាន់កម្ពុជា ប្រហែល ៥ម៉ឺននាក់ បន្ថែមទៀត

(ភ្នំពេញ)៖ អតីតៈអគ្គនាយកនៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម នាយឧត្ដមសេនីយ៍ សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានបង្ហើបថា គិតចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០១៨ខាងមុខ នឹងមានវត្តមានជនជាតិចិនជាង៥ម៉ឺននាក់ទៀត ដែលបន្ដចូលមកកម្ពុជា ដែលចំនួននេះនឹងធ្វើឲ្យជនជាតិចិននៅកម្ពុជាបន្ដកើនឡើង។


ទន្ទឹមនេះ សម្រាប់ការបណ្ដេញជនបរទេស ដែលបានប្រព្រឹត្តបទល្មើសចេញពីកម្ពុជា គិតចាប់តាំងពីឆ្នាំ២០១៤ ដល់ត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មានសរុបចំនួន ១៤,៧៩០នាក់ ដែលមាន ៩១សញ្ជាតិ ក្នុងនោះ ជនជាតិវៀតណាម ចំនួន១១,១៩៥នាក់ ។ ដោយឡែក ៧ខែ ឆ្នាំ២០១៨ មានចំនួនជនបរទេស ជាង៦,០០០នាក់ ស្នើនឹង២៦សញ្ជាតិ ត្រូវបានរកឃើញថា ប្រព្រឹត្ត បទល្មើសនៅកម្ពុជា ។


ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដែលទើបឡើងកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានប្ដេជ្ញាចិត្តយ៉ាងម៉ុតមាំថា នឹងគ្រប់គ្រងការហូរចូលរបស់ជនបរទេស មកកម្ពុជាឲ្យបានត្រឹមត្រូវ ដូចអ្វីដែលច្បាប់បានកំណត់ ដើម្បីប្រែក្លាយការជឿទុកចិត្តរបស់ថ្នាក់ដឹកនាំ ទៅជាផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល។


ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា កិច្ចការងារអន្ដោប្រវេសន៍ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាតិ ដែលជាប់ពាក់ព័ន្ធការបម្រើវិស័យជាច្រើន ហើយក៏ជះឥទ្ធិពលដោយផ្ទាល់ដល់ខឿនសន្ដិសុខជាតិ និង ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។ 
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងថា នឹងគិតគូរដោយដាក់ចេញនូវយុទ្ធ សាស្ដ្រ ក៏ដូចជាគោលការណ៍ និង ផែនការណ៍ថ្មីៗ សម្រាប់ដំណាក់កាលថ្មីទៅមុខទៀត ដើម្បីធានាគ្រប់គ្រង ឲ្យបានច្បាស់លាស់នូវលំហូរចេញចូលនូវជនបរទេស តាមច្រកទ្វារព្រំដែនគោក ទឹកអាកាស និង គ្រប់គ្រងវត្តមានស្នាក់នៅ និងការធ្វើពលកម្មរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។


សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានធ្វើការដកហូតឯកសារ ដែលជនបរទេសកំពុងកាន់កាប់ ដោយខុសច្បាប់នៅកម្ពុជា បាន៨០ភាគរយហើយ ដែលក្នុងនោះភាគច្រើន ជាជនជាតិវៀតណាម ខណៈដែលដំណើរការនេះកំពុងតែបន្ដយ៉ាងផុសផុល ដើម្បីធ្វើឲ្យបានចប់ទាំងស្រុង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម