Connect with us

ដឹងទេ កម្ពុជា ខាតបង់ទឹកប្រាក់ប្រហែល ៣៥០ លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៨ នាទីក្រុងហាណូយ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថា កម្ពុជា បានខាតបង់ទឹកប្រាក់ប្រហែល ៣៥០លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ការចំណាយពាក់ព័ន្ធលើគ្រោះថ្នាក់ចរាចរណ៍ ។ ដោយឡែក បើតាមការប៉ាន់ប្រមាណជាសាកល បានឱ្យដឹងថា ប្រទេសដែលមានប្រាក់ចំណូលទាប និង មធ្យម បានចំណាយប្រមាណពីបីទៅប្រាំភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ខ្លួន ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។


ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានអោយដឹងផងដែរ ថា បញ្ហាធំបំផុតដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ គឺ កត្តាទាក់ទងនឹងអ្នកបើកបរ ដូចជា អ្នកបើកបរម៉ូតូដោយគ្មានពាក់មួកសុវត្ថិភាព និងរវល់កិច្ចការច្រើនក្នុងពេលកំពុងបើកបរ ធ្វើអោយបាត់បង់ការប្រុងប្រយ័ត្នចំពោះការបើកបររបស់ខ្លួន និង មានការធ្វេសប្រហែសចំពោះសកម្មភាពនៅតាមដងផ្លូវ ។


ក្រៅពីនេះ កត្តាដែលនាំឱ្យមានការស្លាប់នៅតាមដងផ្លូវ ជាពិសេស នៅក្នុងបណ្តាប្រទេសអា ស៊ាន រួមមាន ការធ្វើចរាចរណ៍លាយឡំគ្នារវាងរថយន្តដឹកទំនិញ រថយន្ត និងម៉ូតូទាំងឡាយនៅលើដងផ្លូវ និងការជែងគ្នានៅលើចំណែកផ្លូវដូចគ្នា ជាមួយនឹងយានយន្តជាច្រើននៅក្នុងស្ថានភាពគ្រោះថ្នាក់។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានកត់សម្គាល់ថា ចំនុចសំខាន់ក្នុងការលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ឱ្យកាន់តែប្រសើរឡើង គឺត្រូវអប់រំអ្នកបើកបរឱ្យកាន់តែមានប្រសិទ្ធភាព និងនគរបាលចរាចរណ៍ ត្រូវអនុវត្តច្បាប់ចរាចរណ៍នៅទូទាំងប្រទេស ជាប្រចាំ។


បើតាមរបាយការណ៍ បានអោយដឹងថា មានមនុស្សប្រមាណ ១,២៥ លាននាក់ បានស្លាប់ជារៀងរាល់ថ្ងៃនៅលើដងផ្លូវ នៅក្នុងពិភពលោក និង ១៥លាននាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម