Connect with us

SCG និងក្លិប​បាល់ទាត់ ភ្នំពេញក្រោន ចាប់ផ្ដើម​យុទ្ធនាការ​ ”SCG Kick & Share” នៅខេត្ត​កំពត

ខេត្ត​កំពត៖ ក្រុមហ៊ុន SCG ដែលជា​​ក្រុមហ៊ុនឈានមុខគេ​មួយ​នៅអាស៊ាន ដោយរួមសហការជាមួយនឹង​ក្លិប​បាល់ទាត់​ ភ្នំពេញក្រោន បាន​ចាប់ផ្ដើម​យុទ្ធនាការ​ហ្វឹកហ្វឺន​​កីឡា​បាល់ទាត់​ ឈ្មោះថា ‘SCG Kick & Share’ ដែល​ឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅក្នុង​ខេត្ត​បី រួមមាន កំពត កំពង់ចាម និង​រាជ​ធានី​ភ្នំពេញ។

ព្រឹត្តិការណ៍​ហ្វឹកហ្វឺនបាល់ទាត់​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​បណ្ដុះ​ស្មារតី​ស្រឡាញ់​កីឡា​ ជាពិសេស កីឡាបាល់ទាត់​នៅ​ក្នុង​ចំណោមកុមារ​អាយុ​ក្រោម ១២ឆ្នាំ។

លោក សន សីហា នាយកផ្នែក​រ៉ែ​របស់​ក្រុមហ៊ុន SCG បាន​មានប្រសាសន៍ថា ជា​ផ្នែក​មួយ​នៃ​ទំនួលខុសត្រូវសង្គម​ចំពោះ​សហគមន៍ ក្រុមហ៊ុន​ បាន​ចាប់ដៃគូ​ជាមួយ​ក្លិប​បាល់ទាត់ ភ្នំពេញ​ក្រោន ដើម្បី​លើកកម្ពស់កីឡា​នៅក្នុង​សហគមន៍​ តាមរយៈ​កម្មវិធី​មួយ ឈ្មោះថា ‘SCG Kick & Share’។

លោក សន សីហា ថ្លែង​យ៉ាង​ដូច្នេះ​ថា «យើង​ចង់​ឱ្យ​កុមារ​នៅក្នុងសហគមន៍​របស់​យើង​មាន​ស្មារតី​ចេះ​ស្រឡាញ់​កីឡា។ យើង​ចង់​ឱ្យក្មេងៗ​ជំនាន់​ក្រោយ ធ្វើ​រឿងល្អៗសម្រាប់​សង្គម និង​ជៀសវាង​គ្រឿង​ញៀន​ដាច់ខាត»។

នៅឯ​ព្រឹត្តិការណ៍​ហ្វឹកហ្វឺន​បាល់ទាត់​ដល់​កុមារនៅ​ខេត្ត​កំពត លោក លី ហៀង អគ្គលេខាធិការ​ក្លិប​បាល់ទាត់ភ្នំពេញក្រោន បាន​លើកឡើង​ថា ភ្នំពេញ​ក្រោន និង​ក្រុមហ៊ុន អេសស៊ីជី មាន​គោលដៅរួមមួយ ក្នុងការប្រើប្រាស់រូបភាព​​កីឡា​ដើម្បី​បញ្ជូន​សារ​ទៅ​កាន់​កុមារ និង​យុវជន។

លោក លី ហៀង មានប្រសាសន៍ដូច្នេះ​ថា «យើងជឿជាក់ថា កីឡា​នាំ​មក​នូវ​សុខភាព​ល្អ ហើយ​ក្មេង​ដែល​ឆ្លាត គឺ​ក្មេង​ដែលមាន​សកម្មភាពច្រើន និងសកម្ម។ សារ​នៅថ្ងៃនេះ គឺថា តាមរយៈ​កីឡា​ តាមរយៈ​ភ្នំពេញក្រោន យើង​ចង់​ធ្វើជាគំរូ​ល្អ​មួយ​ដល់​ក្មេងៗ​»។

កុមារាកុមារី​ប្រមាណជាង ១០០នាក់ មកពីសាលារៀន​​នៅក្នុងស្រុក​បន្ទាយ​មាស ខេត្ត​កំពត បានចូលរួម​សកម្មភាព​ហ្វឹកហ្វឺន​បាល់ទាត់ជាមួយកីឡាករ​ដែលពួកគេ​ចូលចិត្ត មកពីក្លិប​ ភ្នំពេញ​ក្រោន ដែលក្នុង​នោះរួមមាន កីឡាករលេចធ្លោ អន ចាន់ប៉ូលីន និងកីឡាករ សឿត បារាំង ផង​ដែរ ។

កីឡារ​ទាំងពីររូប​ផ្ញើ​​សារ​ដូចគ្នា​ ទៅដល់កុមារដែលបាន​ចូលរួម «ចូរ​យើង​លេង​កីឡា​ទាំងអស់​គ្នា ដើម្បី​សុខភាព និង​ជៀសវាង​គ្រឿង​ញៀន​ឲ្យ​បាន​ដាច់ខាត»។

កុមារា បន បញ្ញា ជាសិស្សា​បឋមសិក្សា​មកពីសាលារៀន​នៅក្នុង​ស្រុក​បន្ទាយមាស ដែលបាន​ចូលរួម​នៅក្នុង​សកម្មភាពហ្វឹកហ្វឺន​បាល់ទាត់ ‘SCG Kick & Share’ បាន​និយាយថា រូបគេ​មាន​សេចក្ដី​រំភើប​រីករាយណាស់ ដែល​បាន​រៀនតិចនិក​ខ្លះៗ​ពីកីឡាករ​អាជីព ព្រោះរូបគេ​ចូលចិត្ត​លេង​បាល់ទាត់​នៅ​សាលា។    

កុមារា បញ្ញា និយាយថា «ទៅថ្ងៃអនាគត ខ្ញុំក៏ចង់ក្លាយជាកីឡាករ​បាល់ទាត់​មួយ​រូបដែរ»។

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com