Connect with us

ប្រទេសចំនួន ១៩៧ កំពុងចូលរួមយុទ្ធនាការ ថែភពផែនដីអោយត្រជាក់ និងបន្តអនុវត្តការការពារស្រទាប់អូហ្សូន ពីការបំផ្លាញដោយសារធាតុផ្សេងៗ

ភ្នំពេញ ៖ ប្រជាជាតិ និងរដ្ឋាភិបាលចំនួន១៩៧ ទូទាំងពិភពលោក បានកំពុងប្រារព្ធទិវាអូហ្សូនពិភពលោក ដែលត្រូវជាខួបលើកទី៣៣ នៃការបង្កើត ៖ «អនុសញ្ញាទីក្រុងវីយ៉ែនស្តពី កិច្ចការពារស្រទាប់អូហ្សូន» និង ត្រូវជាខួបលើកទី៣១ នៃការបង្កើត «ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន»។


សម្រាប់ប្រទេសកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងការចូលរួមអបអរសាទរជាមួយរដ្ឋាភិបាល និង បណ្តាប្រជាជននៅលើសកលលោក ដែលបានរួមគ្នាប្រារព្ធទិវា អូហ្សូនពិភពលោក ក្រោមប្រធានបទ ៖ «ថែភពផែនដីឲ្យត្រជាក់ និង បន្តអនុវត្តការការពារស្រ ទាប់អូហ្សូន និង បរិយាកាសរបស់យើង» ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានឲ្យបន្តចូលរួមចំណែកថែរក្សាភពផែនដីឲ្យនៅត្រជាក់។


ឯកឧត្តម សាយ សំអាល ក៏បានបញ្ជាក់ថា កម្ពុជាបេ្តជ្ញាចិត្ត ចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន ។ ឯកឧត្តម ក៏បានអបអរសាទរការជោគជ័យរបស់ពិធីសារម៉ុងរ៉េអាល់ ក្នុងកិច្ចការពារស្រទាប់អូហ្សូន ដោយបានរួមចំណែកក្នុងការទប់ស្កាត់ការកើនកំដៅភពផែនដី និងលុបបំបាត់ស្ទើរទាំងស្រុងនូវ សារធាតុបំផ្លាញស្រទាប់អូហ្សូន ដែលជាសាធារតុមានសក្តានុពលកើនកំដៅផែនដី។


ឯកឧត្តម សាយ សំអាល់ ក៏បានរំលឹកផងដែរថា ក្នុងនាមរដ្ឋភាគី រារដ្ឋាភិបាលកម្ពុជា បានបញ្ឈប់ការប្រើប្រាស់សារធាតុ ក្លរ៉ូភ្លុយអររ៉ូកាបូន ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយកម្ពុជា ក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងការលុបបំបាត់សារធាតុ ហាយដ្រូក្លរ៉ូភ្លុយអររ៉ូកាបូន ស្របតាមផែនការលុបបំបាត់សាធារតុបំផ្លាញស្រទាប់អូហ្សូន របស់ពិធីសារម៉ុងរ៉េអាល់ ។ ក្នុងន័យនេះ កម្ពុជាបានបេ្តជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឲ្យបានជោគជ័យ នូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឲ្យបាននូវ ប្រសិទ្ធភាពនៃការគ្រប់គ្រង ការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន ។


គួររំលឹកថា កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាតិក្នុងការទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន ពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយការកើនកំដៅភពផែនដី ដែលគិតជាខ្នាតប្រមាណ១៣៥កោដតោនឧស្ម័នកាបូនិច បញ្ចេញទៅក្នុងបរិយាកាសពីចន្លោះឆ្នាំ ១៩៩០ ដល់ឆ្នាំ២០១០។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ លេខាធិការដ្ឋានអូហ្សូននៃអង្គការកម្មវិធីបរិស្ថាន សហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ចាប់តាំងពីឆ្នាំ១៩៩៥ មកដើម្បីរំឭកដល់ថ្ងៃបង្កើត ពិធីសារម៉ុងរ៉េអាល់ ក្នុងឆ្នាំ១៩៨៧ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម