Connect with us

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្រើនរំឭកសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ប្រឹងប្រែងប្រែក្លាយខ្លួនជាស្ថាប័នដែលអាចបាំងខ្យល់ បាំងភ្លៀង ឱ្យវិស័យឯកជន

ព្រះសីហនុ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ត្រូវខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួន និងប្រែក្លាយជាស្ថាប័នមួយ ដែលអាចជាកន្លែងបាំងខ្យល់-បាំងភ្លៀង ឱ្យវិស័យឯកជន ក្នុងខេត្តព្រះសីហនុ ដោយមិនមែនត្រឹមតែជនជាតិខ្មែរនោះទេ គឺសូម្បីតែវិនិយោគិនបរទេស ក៏ត្រូវយកចិត្តទុកដាក់ផងដែរ។

ប្រសាសន៍របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានធ្វើឡើងនៅក្នុងការបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ការបិទសន្និបាតសភាពាណិជ្ជកម្មខេត្តព្រះសីហនុនេះ គឺជាមោទនភាពមួយ ដែលសភាពាណិជ្ជកម្មខេត្ត បានខិតខំក្នុងការកសាង និងអភិវឌ្ឍសភាពាណិជ្ជកម្មខេត្ត ឱ្យមានការរីកចម្រើន ជាពិសេសក្នុងការកៀរគរ និងទំនាក់ទំនងជាមួយអ្នកវិនិយោគទុន ទាំងក្នុងទាំងក្រៅស្រុក ក្នុងការបង្កើនអាជីវកម្មរបស់បងប្អូនអាជីវករខេត្ត ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍បន្តទៀតថា តួនាទី និងភារកិច្ចរបស់សភាពាណិជ្ជកម្មនេះ គឺមិនមែនជាទ្រព្យសម្បត្តិនោះទេ ក៏ប៉ុន្តែវាជាការទទួលខុសត្រូវថ្មីមួយ ដែលត្រូវធ្វើក្នុងនាមជាតំណាងឱ្យវិស័យឯកជន។ សកម្មភាពទាំងអស់នេះ បានបង្កើតជាគុណតម្លៃនៃជីវិតក្នុងសង្គម និងបង្កើតបានជាកិត្តិយសដល់ក្រុមគ្រួសារ។

គ្រប់សមិទ្ធផលទាំងឡាយដែលសភាពាណិជ្ជកម្មបានបង្កើតឡើង នឹងប្រែក្លាយទៅជាសច្ចភាពប្រវត្តិសាស្ត្រ សម្រាប់អ្នកជំនាន់ក្រោយ ស្វែងយល់និងរៀនសូត្របន្ត ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្ននេះ គឺដោយសារតម្លៃគុណសន្តិភាព ទើបធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន។

នៅក្នុងឱកាសនេះ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានលើកឡើងថា មូលដ្ឋានគ្រឹះដ៏រឹងមាំដែល សភាពាណិជ្ជកម្ម បានកសាងឡើងនេះ បានក្លាយជាទ្រព្យសម្បត្តិសម្រាប់ប្រើប្រាស់ជាទុន ក្នុងការពង្រីកសក្តានុពលវិស័យឯកជន ទៅថ្ងៃខាងមុខទៀត។

នៅក្នុងពិធីនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សភាពាណិជ្ជកម្ម កំពុងដើរតួយ៉ាងសំខាន់ ក្នុងការកសាងអភិវឌ្ឍសង្គមជាតិ និងចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការកៀរគររកអ្នកវិនិយោគទាំងក្នុងស្រុកទាំងក្រៅស្រុក ក្នុងគោលដៅរួម ធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន។ ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញថា សភាពាណិជ្ជកម្ម ជាវិស័យឯកជនមួយដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ និងប្រែក្លាយស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើន។

លោក គួច ចំរើន បានបន្តថា រដ្ឋបាលខេត្តព្រះសីហនុ នឹងគាំទ្រដល់សភាពាណិជ្ជកម្ម ក្នុងការកៀរគររកអ្នកវិនិយោគទាំងក្នុងទាំងក្រៅស្រុក មកអភិវឌ្ឍ និងជួយដល់ជីវភាពដល់បងប្អូនអាជីវករពាណិជ្ជករនៅក្នុងខេត្ត ហើយរដ្ឋបាលខេត្ត នឹងធានានូវ សុខសន្តិភាពសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកវិនិយោគទុនគ្រប់ប្រភេទ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះផងដែរ លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានលើកឡើងថា វិស័យឯកជន គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ដោយមិនអាចខ្វះបាននោះឡើយ។ លោកសង្ឃឹមថា ក្រោយពេលបញ្ហាជំងឺផ្លូវដង្ហើមថ្មី ត្រូវបានដោះស្រាយ និងបញ្ហាផ្លូវក្នុងខេត្តក៏បានកសាងរួចរាល់ នោះទំព័រថ្មីនៃខេត្តព្រះសីហនុ ក៏ចាប់ផ្តើមមានពន្លឺឡើងវិញដែរ។ ក្នុងអំឡុងពេលនេះ សភាពាណិជ្ជកម្ម ត្រូវធ្វើការឱ្យកាន់តែសកម្ម ដើម្បីធានាឱ្យបានក្រោយពេលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តបានល្អស្អាត វិស័យឯកជន អាចប្រកបអាជីវកម្មបានប្រសើរឡើងវិញ។

 

    

គូសបញ្ជាក់ថា សភាពាណិជ្ជកម្ម គឺជាគ្រឹះស្ថានសាធារណៈនៅក្រោមអាណាព្យាបាល នៃក្រសួងពាណិជ្ជកម្ម ដែលធ្វើសកម្មភាព ដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវា ក្នុងតួនាទីរបស់ខ្លួន៕

អត្ថបទ៖ គន្ធ តារាវិឆ័យ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម