Connect with us

សារមន្ទីរមួយ មានគម្រោងផលិតចម្លងកុលាលភាជន៍បុរាណឡើងវិញ ដើម្បីលើកស្ទួយស្នាដៃដូនតា

នៅចុងខែកុម្ភៈកន្លងទៅ អាជ្ញាធរជាតិអប្សរា បានរៀបចំស្ដង់ពិព័រណ៍ដើម្បីបង្ហាញពីសមិទ្ធផលនានា ក្នុងការប្រារព្ធពិធីអបអរខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា។ ស្ដង់ពិព័រណ៍ត្រូវបានរៀបចំឡើងទៅតាមនាយកដ្ឋានជំនាញនីមួយៗ ក្នុងនោះក៏មានស្ដង់របស់នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌមួយដែរ។ ក្នុងស្ដង់នេះមានតាំងបង្ហាញនូវសមិទ្ធផលរបស់នាយកដ្ឋាន ក្នុងនោះក៏មានតាំងកុលាលភាជន៍មួយចំនួនដែរ។

លោក វង្ស សាវុទ្ធី បុគ្គលិកបច្ចេកទេស នៃសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី បានឱ្យដឹងថា កុលាលភាជន៍ដែលយកតាំងបង្ហាញនៅពេលនោះ គឺជាកុលាលភាជន៍ ដែលផលិតឡើងវិញ ដោយចម្លងពីកុលាលភាជន៍បុរាណដែលបានរកឃើញពីស្ថានីយឡបុរាណសម័យអង្គរនានាក្នុងតំបន់អង្គរ។ លោកបន្ថែមថា សារមន្ទីរមានគម្រោងមួយ ដើម្បីលើកកម្ពស់គម្រោងឡបុរាណនៅភូមិ ដោយបង្កើតរោងជាងកុលាលភាជន៍ ដើម្បីឱ្យប្រជាពលរដ្ឋក្នុងភូមិ មានឱកាសផលិត និងពង្រស់វិស័យកុលាលភាជន៍ឡើងវិញ ជាប្រយោជន៍ដើម្បីលើកកម្ពស់ជីវភាពប្រជាជន លើវិស័យទេសចរណ៍។

លោកបន្ថែមថា មរតកដូនតាខ្មែរមានចំនួនច្រើនសន្ធឹក ដែលអាចឱ្យយើងយកមកប្រើប្រាស់ និងលើកស្ទួយឡើងវិញរាប់មិនអស់ ដូច្នេះគំនិតនៃការចម្លងគម្រូកុលាលភាជន៍បុរាណមកប្រើប្រាស់ឡើងវិញ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គឺដូចជារំឭកស្នាដៃដូនតាឡើងវិញ មួយទៀតដើម្បីពង្រស់មរតកដូនតាឱ្យរស់រវើកឡើងវិញយ៉ាងដូច្នោះដែរ៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com