Connect with us

ស.ស.យ.ក រាជធានីភ្នំពេញ រៀបចំវេទិកាតម្រង់ទិសការសិក្សា និងអបអរសាទរជូនដល់ សិស្សដែលទើបប្រឡងជាប់បាក់ឌុប

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ ដោយបានទទួលការគាំទ្រពីក្រសួងអប់រំយុវន និងកីឡា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរៀបចំកម្មវិធីអបអរសាទរ អមដោយវេទិកាតម្រង់ទិសការសិក្សាជូនដល់សិស្សានុសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានប្រព្រឹត្តទៅនៅអគារខេមរានីទីស្នាក់ការស.ស.យ.ករាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សាយ​ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ និងមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា តំណាងសាលារាជធានីភ្នំពេញ ព្រមទាំងសិស្សានុស្ស អាណាព្យាបាលសិស្ស លោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធប្រមាណជាង៧០០នាក់។

ការរៀបចំពិធីអបអរសាទរលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃនេះ ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ បានផ្តល់នូវរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស និងវិទ្យាល័យដែលបានជ័យលាភីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨។ ជាពិសេសក៏មានការរៀបចំនូវវេទិកាតម្រង់ទិសការសិក្សាដោយផ្តោតសំខាន់លើការតម្រង់ទិសសម្រាប់ការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ការតម្រង់ទិសសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈ យន្តការទ្រទ្រង់សម្រាប់តម្រង់ទិសការសិក្សា ដោយមានវាគ្មិនសំខាន់ៗចូលរួមឧទ្ទេសនាមដើម្បីចែករំលែងគំនិតយោបល់ ក៏ដូចជាបទពិសោធន៍ល្អៗ ជាមូលដ្ឋានក្នុងការសម្រេចចិត្តសម្រាប់ការបន្តការសិក្សា សំដៅឈានឆ្ពោះទៅការចាប់យកអាជីពការងារប្រកបដោយភាពជោគជ័យនាពេលខាងមុខ។

ក្នុងឱកាសនោះក្រុមការងារស.ស.យ.ករាជធានីភ្នំពេញ បានប្រកាសជា ផ្លូវការឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទឆ្លាតវៃ (Mobile App) និងគេហទំព័រវគ្គបំប៉នបាក់ឌុប (www.uyfcbacii.org) ដែលប្អូនៗអាចប្រើប្រាស់ជាវេទិការួម (Common Platform) ក្នុងការចែករំលែកបទពិសោធន៍ ភាពជោគជ័យ និងពត៌មានផ្សេងៗទៀតពាក់ពន្ធ័នឹងការសិក្សាអប់រំ ក៏ដូចជាអាជីពការងារផងដែរ។

ព្រមជាមួយគ្នានេះដែរ ក៏មានការដាក់តាំងបង្ហាញស្តង់ពិព័រណ៍ចំនួន៥២ស្តង់ក្នុងនោះមាន គ្រឹស្ថានឧត្តមសិក្សា និងសាលាវិជ្ជាជីវៈ ធនាគារ មីក្រូហិរញ្ញវត្ថុផ្តល់កម្ចីសិក្សា ក្រុមហ៊ុន និងសហគ្រាសដៃគូវគ្គបំប៉នបាក់ឌុប និងសមាគម អង្គការយុវជននានា។

គួររំលឹកផងដែរថា នៅពេលមុនប្រឡងមធ្យមសិក្សាទុតិយភូមិនោះដែរ ដើម្បីជាការត្រៀមបំប៉នបន្ថែមដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប បានរៀបចំវគ្គបំប៉នដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន ៣៧៨នាក់ និងមានសិស្សចូលរៀនចំនួន ៧ ៣៦៦នាក់។ វគ្គបំប៉ននេះត្រូវបានរៀបចំឡើងនៅតាមវិទ្យាល័យទាំង ៣៤ នៅទូទាំងរាជធានីភ្នំពេញ អស់រយៈពេល ៧សប្តាហ៍ ដោយផ្តោតលើមុខវិជ្ជាចំនួន៥ រួមមាន គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ហើយមានការបង្រៀនសរុបចំនួន ៨ ២៦៨ម៉ោង៕

 
អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម