Connect with us

អ្នកជំនាញ និងជំនួយបរិក្ខារពេទ្យចំនួន១១ប្រភេទរបស់រដ្ឋាភិបាលចិន បានមកដល់កម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា យន្តហោះមួយគ្រឿង ដែលបានដឹកក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19 និងសម្ភារប្រឆាំងនឹងជំងឺវីរុសនេះ ដែលជាជំនួយរបស់ប្រទេសចិន ជូនចំពោះប្រទេសកម្ពុជា ត្រូវបានបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ថ្នាក់ដឹកនាំតំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញមកទទួលដំណើរអ្នកជំនាញវេជ្ជសាស្រ្តដែលអញ្ជើញមកពីប្រទេសចិន។

ក្នុងពេលថ្មីៗនេះ ស្ថានភាពជម្ងឺវីរុសCOVID-19ក្នុងប្រទេសកម្ពុជាមានការវិវឌ្ឍន៍ឥតឈប់ឈរ ដែលបានធ្វើឱ្យប្រជាពលរដ្ឋចិន មានអារម្មណ៍ដូចប្រជាពលរដ្ឋកម្ពុជា។ ដើម្បីជួយកម្ពុជាក្នុងកិច្ចប្រឆាំងនឹងជំងឺវីរុសនេះ រដ្ឋាភិបាលចិន បានសម្រេចចាត់បញ្ជូនក្រុមគ្រូពេទ្យនៃតំបន់ស្វយ័តGuangxi ប្រទេសចិនចំនួន៧រូប មកកាន់ប្រទេសកម្ពុជា។ សមាជិកនៃក្រុមគ្រូពេទ្យជំនាញ នឹងអញ្ជើញពិភាក្សាអំពីបទពិសោធន៍នៃកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ១៩ជាមួយនឹងភាគីកម្ពុជា ជួយសម្របសម្រួលកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសដល់ភាគីកម្ពុជា ហើយនឹងផ្តល់យោបល់ណែនាំជូនដល់អ្នកជំងឺក្នុងពេលព្យាបាល។ ពួកគាត់ជាក្រុមអ្នកជំនាញប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសដែលត្រូវបានចាត់បញ្ជូនមកកាន់តំបន់អាស៊ានដំបូងគេបង្អស់ដោយរដ្ឋាភិបាលចិន។

ទន្ទឹមនឹងនេះ ដើម្បីជួយដោះស្រាយបញ្ហាកង្វះសម្ភារទប់ស្តាត់នឹងជំងឺវីរុសកូវីដ១៩ ក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលចិន ក៏បានផ្ដល់ជំនួយជាម៉ាសវេជ្ជសាស្រ្ត, ម៉ាសN95, សម្លៀកបំពាក់ការពារវីរុស, វ៉ែនតាការពារ និងសម្ភារៈផ្សេងទៀតយ៉ាងច្រើន ជូនដល់ភាគីកម្ពុជា។ជំនួយរបស់រដ្ឋាភិបាលចិន មានដូចខាងក្រោម៖

១. ស្រោមដៃចំនួន៧០០០

២. ម៉ាសវះកាត់ចំនួន៥៨០០០

៣.ម៉ាសវេជ្ជសាស្ត្រចំនួន៥៥០០០

៤. ម៉ាស N95 ចំនួន៥០០០

៥. មួកចំនួន ១៨៥០០

៦. គម្របស្បែកជើងចំនួន៤០០០

៧. អាវអ៊ាម ចំនួន១៣០០

៨. សម្លៀកបំពាក់សុវត្ថិភាពមន្ត្រីសុខាភិបាលចំនួន ១២៥០

៩. របាំងមុខវេជ្ជសាស្ត្រចំនួន ២២៨០

១០. ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៊ិនហ្វ្រារ៉េតចំនួន ៥០

១១. វ៉ែនតាសុវត្ថិភាពចំនួន២២៨០។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមាននារី ២១នាក់ និងបុរស៦៣នាក់។ ក្នុងចំណោមអ្នកឆ្លងជំងឺនេះមានជនជាតិខ្មែរចំនួន ៣៣នាក់ និងបរទេស ៥១នាក់ ដែលមានមនុស្សពីរនាក់ ជាសះស្បើយ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com