Connect with us

បណ្ដារាជធានី-ខេត្តនានា នឹងយកសាលារៀន ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩

ភ្នំពេញ៖ តបតាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អភិបាលរាជធានី ខេត្ត នឹងពិនិត្យជាបន្ទាន់មើលទីតាំងដោយត្រូវជួលដូចជា សណ្ឋាគារ ផ្ទះសំណាក់ និងសាលារៀន ដើម្បីដំណើរការការពិនិត្យ និងព្យាបាលអ្នកជំងឺវីរុសកូវីដ១៩ (Covid-19)។

សម្តេចតេជោ បានជម្រាបជូនថ្នាក់ដឹកនាំប្រឆាំងកូវីដ១៩ ពិសេសអភិបាលខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ១៩ នៅតាមខេត្តថា៖ “យើងបានឃើញហើយថា អ្នកជំងឺរបស់យើងជួនកាលកន្លែងខ្លះមានការកើនឡើង ដូចជា នៅខេត្តព្រះសីហនុជាដើម អ៊ីចឹងបើកើតឡើងរបៀបនេះ ធ្វើឱ្យកន្លែងដែលយើងទទួល គឺវាមិនគ្របគ្រាន់ទេ។ អ៊ីចឹងខ្ញុំបានពិភាក្សាជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង យើងត្រូវប្រើប្រាស់សាលារៀន ហើយខ្លះមានអ្នកជូនយោបល់ខ្ញុំថា ឱ្យយកកុងទីន័រមកកែច្នៃធ្វើជាបន្ទប់ ប៉ុន្តែគឺវាមិនល្អទេ អ៊ីចឹងខ្ញុំគិតថា ត្រូវប្រើប្រាស់សាលារៀន ហើយសាលារៀនដែលខ្ញុំបានធ្វើកន្លងមកគឺស្អាតៗណាស់ គឺនៅទីរួមខេត្ត និងកន្លែងមួយចំនួន គឺយើងយកសាលារៀនតែម្តង អ្វីដែលជាបញ្ហាបន្ទាន់ គឺត្រូវជ្រើសរើសទីតាំងណាមួយឬពីរ ក្នុងខេត្តមួយ ហើយគឺថានិងរៀបចំប្រព័ន្ធទឹក ភ្លើង ចូលឱ្យល់ជាបន្ទាន់ នេះជាកិច្ចការបន្ទាន់នៅតាមខេត្តត្រូវយកចិត្តទុកដាក់”។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ “រាជធានីភ្នំពេញមិនជាចំណោទទេ ដោយសារយើងមាន មន្ទីរពេទ្យរុស្ស៊ី ហើយអគារនៅចាក់អង្រែ ហើយក្រៅពីនោះ នៅមន្ទីរពេទ្យ UT ហើយនិងសណ្ឋាគារអាំងទែកុងទីណង់តាល់ហើយ មិនជាចំណោទទេ ប៉ុន្តែអ្វីដែលជាចំណោទ គឺនៅតាមបណ្តាខេត្ត ដែលត្រូវធ្វើបន្ទាន់ ដោះស្រាយធ្វើម៉េចត្រូវជ្រើសរើសសាលារៀនដែលយើងកំពុងតែបិទ យកអគារមួយ ឬពីរ គឺឱ្យមានច្រើនបន្ទប់ រៀបចំបន្ទប់ រៀបចំគ្រែ ដើម្បីដំណើរការតែម្តង ដោយប្រើប្រាស់កម្លាំងសរុប ដែលអាចយកទាំងកម្លាំងប៉ូលីស កម្លាំងទាហាន និងប៉េអឹមដើម្បីយកមកជួយការងារនេះតែម្តង”។

ជាមួយគ្នានោះ សម្តេចតេជោបានបញ្ជាក់ពីការសម្រុកដោះស្រាយបញ្ហានោះ គឺភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ចូលទៅក្នុងសាលាតែម្តង ហើយរៀបចំគ្រែ ដើម្បីដាក់សម្រាប់ទទួលអ្នកជំងឺដែលយើងត្រូវមានជាចាំបាច់។

បន្ថែមពីនោះ សម្តេចតេជោ បានអំពាវនាដល់ថ្នាក់ខេត្ត ត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះ ព្រោះដើម្បីជៀសវាង គឺនៅពេលមានអ្នកជំងឺច្រើន យើងមិនអាចរកកន្លែងដាក់បាន តែយើងបានត្រៀមបម្រុងទុកហើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com