Connect with us

ពិតជាមិនធម្មតាមែន ! សិស្សកម្ពុជា៩នាក់នឹងយកភាពយន្តគំនូរជីវចលរបស់ខ្លួនទៅចូលរួម ក្នុងការប្រកួតមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៨ នៅប្រទេសជប៉ុន ក្នុងខែវិច្ឆិកាខាងមុខ

ឆ្នាំនេះ សិស្សកម្ពុជា៣ក្រុមដែលមានចំនួនសរុប៩រូប នឹងត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុន ក្រោមកម្មវិធី JENESYS 2018 ជាមួយសិស្សមកពីបណ្តាប្រទេសអាស៊ានទាំង១០ ព្រមទាំងទីម័រខាងកើត ចិន តៃវ៉ាន់ ម៉ុងហ្គោលី កូរ៉េខាងត្បូង និងជប៉ុន។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចេញថ្ងៃ១៨ កញ្ញា ២០១៨ នេះ។

សេចក្តីប្រកាសព័ត៌មានដដែលបង្ហាញថា សិស្សជ័យលាភី៣ក្រុមមានគ្នា៩នាក់ ដែលទើបតែត្រូវបានជ្រើសរើសកាលថ្ងៃទី១៧ កញ្ញា ២០១៨ មិ្សលមិញនេះ នឹងចូលរួមវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងគីតាមិ ខេត្តហុកកៃដូ ប្រទេសជប៉ុន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

សូមបញ្ជាក់ថាសិស្សទាំង៩នាក់នេះ ត្រូវបានជ្រើសរើសក្នុងការប្រកួតផលិតភាពយន្តគំនូរជីវចល ដែលបានរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ប្រធានបទដែលត្រូវបកស្រាយក្នុងឆ្នាំនេះគឺ«ទំនួលខុសត្រូវផ្ទាល់ខ្លួន»។

ការប្រកួតកន្លងមក មានភាពយន្តចំនួន ៣៥រឿងដែលផលិតដោយសិស្ស១៨វិទ្យាល័យទូទាំងប្រទេសកម្ពុជាបានដាក់ពាក្យចូលរួមប្រកួត ហើយក្នុងចំណោមនោះមានភាពយន្តចំនួន១២រឿង ត្រូវបានសម្រិតសម្រាំងដើម្បីចាក់បញ្ចាំងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីម្សិលមិញនេះ។

ជាលទ្ធផលមានរឿងខ្លីចំនួន៣ ត្រូវបានជ្រើសរើសចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រនៃមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី ឆ្នាំ២០១៨នៅប្រទេសជប៉ុន៖

១. រឿង « ការផ្លាស់ប្តូរ » របស់សិស្ស សឿង ប៉ីប៉ី , តាំង ប៊ុនលឹម និង ចៅ ចឺឆឹង
២. រឿង « កំហុសខ្ញុំ» របស់សិស្ស ភុគ ម៉ុនឡេង, ថាំ សហនីត និង ថាច់ សុផាន
៣. រឿង« កូនប្រុសគ្មានទំនួលខុសត្រូវ» របស់សិស្ស អៃ បញ្ញា, សឹង ពុត្របញ្ញា និង ហេង សុសេដ្ឋា

សូមនាំគ្នាអបអរដល់សិស្សកម្ពុជាខាងលើ និងជូនពរដល់ពួកគាត់ឱ្យទទួលបានជោគជ័យនៅក្នុងកម្មវិធីមហោស្រពខាងមុខនេះ !

គួររំលឹកថា មហោស្រពភាពយន្តនេះ បានចាប់ផ្តើមនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០០៧មកម្លេះ ហើយចាប់តាំងពីពេលនោះមក គឺមហោស្រពនេះបានចាប់ផ្តើមប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ចំណែកសិស្សានុសិស្សកម្ពុជាវិញត្រូវបានអញ្ជើញអោយចូលរួមក្នុងមហោស្រពនេះតាំងពីឆ្នាំ២០០៩៕

 

អត្ថបទ៖ ជា ប៊ុនធឿន

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម