Connect with us

ជប៉ុន ផ្ដល់ជំនួយឥតសំណងជាង ៣០លានដុល្លារ ពង្រីកប្រព័ន្ធទឹកស្អាតក្រុងតាខ្មៅ

កណ្ដាល៖ រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់នូវជំនួយឥតសំណងចំនួន ៣៤២១ លានយ៉េន (ប្រមាណ ៣១លានដុល្លារអាមេរិក) សម្រាប់គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។

ការចុះហត្ថលេខារវាងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤១៣៨ លានយ៉េន (ប្រមាណ ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។

គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ គឺជាផ្នែកមួយ នៃជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលគ្រប់ដណ្ដប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន ២គម្រោង ដូចខាងក្រោម៖

ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖

ទី១- គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក)

ទី២- គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ១០០០លានយ៉េន (ប្រមាណ ៩លានដុល្លារអាមេរិក)

ទី៣- គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន (ប្រមាណ ២,៧លានដុល្លារអាមេរិក)។

ឥណទានសម្បទាន សម្រាប់អនុវត្ត៖

ទី១- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក)។

ទី២- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១៧១៥លានយ៉េន (ប្រមាណ ១០៦,៥ លានដុល្លារអាមេរិក)។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរផងដែរ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com