Connect with us

កម្ពុជា ប្រកាសព្យាបាលជនបរទេសដែលផ្ទុកកូវីដ១៩ដោយឥតគិតថ្លៃ

ភ្នំពេញ៖ យោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទោះបីជាកម្ពុជាក្រ តែកម្ពុជាសូមប្រកាសព្យាបាលអ្នកជំងឺកូវីដ១៩ ដែលជាជនបរទេស ដោយឥតគិតថ្លៃ នៅទូទាំងប្រទេសកម្ពុជា។

ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង ៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា៖ “កម្ពុជាសូមប្រកាស យើងក្រ តែយើងចិត្តធំ អ្នកណាកើតជំងឺលើដីយើង យើងចេញលុយព្យាបាល នយោបាយនេះគឺប្លែកពីវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមបានប្រកាសថា ជនជាតិបរទេសដែលកើតជំងឺនេះ ត្រូវចេញលុយព្យាបាលខ្លួនឯង កម្ពុជាជាប្រទេសមួយក្រ សូមប្រកាសថា ជនជាតិបរទេសដែលឈឺនៅក្នុងទឹកដីកម្ពុជា ត្រូវទទួលបានការព្យាបាលពីសំណាក់គ្រូពេទ្យកម្ពុជា ដោយមិនបង់ថ្លៃ”។

សម្ដេច តេជោ បានបង្ហើបដែរថា បច្ចុប្បន្ន កម្ពុជាមានបន្ទប់ជាង ៣០០០ ដែលអាចព្យាបាលអ្នកផ្ទុកវីរុសកូវីដ១៩៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com