Connect with us

បណ្តាក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបខាងផ្នែកICT រួបរួមគ្នាឆ្លើយតបទៅនឹងស្ថានការ ដើម្បីជួយដល់អតិថិជនរបស់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបខាងផ្នែកICT កំពុងសហការគ្នាជាធ្លុងមួយ លើគំនិតផ្តួចផ្តើមដើម្បីជួយការពារអតិថិជនរបស់ខ្លួន និងធានាថាប្រជាជន មុខជំនួញអាជីវកម្ម និងមន្ទីររដ្ឋាភិបាលនៅកម្ពុជាទាំងអស់ រក្សាបានទំនាក់ទំនង សុវត្ថិភាព និងការផ្តល់ព័ត៌មានដែលជាក់លាក់ ក្នុងអំឡុងពេលមួយដ៏លំបាក និងមិនឋិតថេរនេះ។

ការឆ្លើយតបរួមគ្នារួមមានការផ្តល់នូវភាពសម្បូរបែប ជាមួយអត្ថប្រយោជន៏ច្រើន ល្បឿនអ៊ីនធើណិតលឿន ការបន្ថែមកម្រិតសេវាកម្ម ដែលជាការជំរុញជាសាកល សម្រាប់ការទូទាត់ប្រតិបត្តិការតាមអ៊ិនធឺណិត ក៏ដូចជាការគាំទ្រដល់ក្រសួងសុខាភិបាលលើការប្រកាសជាសាធារណៈ និងការផ្សាយផ្ទាល់ និងកម្មវិធីអប់រំសម្រាប់សិស្ស និស្សិត។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដឹកនាំការឆ្លើយតបរួមគ្នា ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ដើម្បីធានាថាក្រុមហ៊ុនរបស់លោក កំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីរក្សាព្រះរាជាណាចក្រកម្ពុជា ឱ្យនៅមានភ្ជាប់ទំនាក់ទំនង ហើយនិងឆ្លើយតបតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។

កិច្ចការនេះចាប់ផ្តើមឡើង បន្ទាប់ពីការបរិច្ចាគថវិការបស់អ្នកឧកញ៉ា កាលពីសប្តាហ៍មុន ដែលមានចំនួនរហូតដល់ ៥០ ម៉ឺនដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាល ដើម្បីគាំទ្រដល់វិបត្តិនេះ និងការបរិច្ចាគម៉ាស ទឹកលាងសម្អាតដៃ និងឧបករណ៍វាស់កម្ដៅ ជូនទៅដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីការពារ បុគ្កលិក មន្រ្តីរាជការ អំឡុងពេលពួកគាត់បន្តប្រតិបត្តិការ។

សប្តាហ៍នេះដែរ សែលកាតបានប្រកាសដោយដាក់ចេញនូវគម្រោងសែលកាត ហ័្វរយូ (CELLCARD 4U) ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនក្នុងការរក្សាទុកសមតុល្យដែលមិនបានប្រើប្រាស់ ហើយបន្ថែមលើការផ្តល់ជូនរៀងរាល់សប្តាហ៍ទីបួនដោយឥតគិតថ្លៃ។ គម្រោងថ្មីនេះ ធ្វើឡើងនៅពេលដែលក្រុមហ៊ុនសែលកាត បង្កើនកម្រិតសេវាកម្មរបស់ខ្លួនដោយពន្យារ ម៉ោងបម្រើសេវាកម្មដល់អតិថិជនរបស់ខ្លួន និងផ្តល់ជូនស៊ីមកាត ដោយឥតគិតថ្លៃដល់អ្នកដែលមិនអាចទៅដល់ហាង ឬបណ្តាសាខាចែកចាយរបស់ក្រុមហ៊ុនបាន។

អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតឈានមុខគេនៅកម្ពុជា ក៏កំពុងបង្កើនល្បឿនអ៊ីនធឺណេតទ្វេដងដល់អតិថិជនដែលមានស្រាប់ដោយមិនគិតថ្លៃរយៈពេលបីខែ ហើយលើកទឹកចិត្តអតិថិជនឱ្យធ្វើការទូទាត់តាមអ៊ិនធឺណិត ដើម្បីសុវត្ថិភាពរបស់អតិថិជន និងនិយោជិក។

វីង ក៏បានផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូប អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយឥតគិតថ្លៃតាមរយៈកម្មវិធីស្មាតហ្វូនវីងរបស់ពួកគាត់។ ក្រុមហ៊ុនលំដាប់ថ្នាក់លេខ១ ក្នុងការផ្ទេរប្រាក់ បាននិងកំពុងតស៊ូយ៉ាងស្វិតស្វាញលើសេវាទូទាត់តាមអ៊ិនធឺណិត សម្រាប់តម្រូវការប្រចាំថ្ងៃ និងកំពុងពង្រីកភ្នាក់ងារអាជីវកររបស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួល ដូចជាការទិញទំនិញតាមអនឡាញ ការដឹកជញ្ជូនអាហារ ភេសជ្ជៈ ការទូទាត់ថ្លៃប្រើប្រាស់ និងការបញ្ចូលទឹកប្រាក់តាមទូរសព្ទ។ ក្រុមការងារ កំពុងធ្វើការដើម្បីធានាថាភ្នាក់ងាររបស់ពួកគាត់ គឺត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបម្រើសេវាផ្ទេរសាច់ប្រាក់ តាមពេលវេលាជាក់ស្តែង ដែលបម្រើការជាមួយធនាគារឈានមុខគេ និងស្ថាប័នហិរញ្ញវត្ថុដែលប្តេជ្ញាធ្វើការក្នុងអំឡុងវិបត្តិនេះ។

ក្រុមហ៊ុន ស៊ី ប៊ី អេស ដែលជាស្ថានីយទូរទស្សន៍ផ្សព្វផ្សាយ កំពុងធ្វើការជាមួយក្រសួងសុខាភិបាលជារៀងរាល់ថ្ងៃ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងផ្តល់ការផ្សាយបន្តផ្ទាល់រាល់សន្និសីទសារព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម តាមបណ្តាញទូរទស្សន៍ CNC CTN និងទំព័រហ្វេសប៊ុក CBS ទាំងអស់។

ដើម្បីគាំទ្រដល់សិស្សដែលបញ្ចប់ថ្នាក់ សេវាកម្មទូរទស្សន៍តាមអ៊ិនធើណិត ឌីជីថលស្កាយ របស់រ៉ូយ៉ាល់គ្រុប បានបង្កើតប៉ុស្តិ៍ទូរទស្សន៍ថ្មី ដើម្បីចាក់ផ្សាយកម្មវិធីសិក្សាដោយខ្លួនឯង។ ជាដំបូង កម្មវិធីនេះ នឹងចាប់ផ្តើមបើកដំណើរការក្នុងសប្តាហ៍នេះ សម្រាប់សិស្សថ្នាក់ទី ១២ ហើយក្រុមហ៊ុន គ្រោងនឹងពង្រីកសេវាកម្មឥតគិតថ្លៃដល់សិស្សដទៃទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

អ្នកឧកញ៉ា គិត ម៉េង កំពុងធានាថាក្រុមហ៊ុនផ្នែក ICT មានក្រុមបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលរង់ចាំបម្រើការដែលធានាលើការពង្រីកម៉ោងសេវាកម្មលើអតិថិជនទាំងអស់របស់ខ្លួន។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងឈរជើងសម្រាប់អតិថិជន និងនិយោជិករបស់ពួកយើង នៅពេលដែលខ្លួននៅតែបន្តធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវការតភ្ជាប់ព័ត៌មាន និងវិធីសាស្រ្តសុវត្ថិភាព ក្នុងការធ្វើប្រតិបត្តិការ និងធ្វើការរយៈពេល ២៤ ម៉ោង ទូទាំងប្រទេស៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com