Connect with us

វិស័យឯកជនផ្នែកទេសចរណ៍ សាទរចំពោះចំណាត់ការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបញ្ជាឲ្យក្រុមហ៊ុនកាយយកដីដែលចាក់រំលោភឆ្នេរព្រែកត្រែងចេញវិញទាំងអស់

ប្រតិបត្តិករផ្នែកឯកជនមកពីឧស្សាហកម្មទេសចរណ៍ និងសាធារណៈជនគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានសម្តែងការគាំទ្រ និងអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបញ្ជាឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ ចុះពិនិត្យ សកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយដីនោះចេញវិញភ្លាមៗ ដោយធ្វើយ៉ាង ណាឲ្យឆ្នេរធម្មជាតិនេះ មានសភាពដូចដើមវិញ។


បទបញ្ជាបន្ទាន់របស់ប្រមុខរាជរដ្ឋាភិបាលនេះ ត្រូវបានដឹកនាំអនុវត្តការងារផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះទៅដល់ទីតាំងចាក់ដីនោះកាលពីម្សិលមិញ។ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានចាត់ទុកបញ្ជាសម្តេចតេ ជោនាយករដ្ឋមន្ត្រី ជាចំណាត់ការទាន់ពេលវេលាដើម្បីការពារឆ្នេរសមុទ្រ ដែលជាតំបន់ទេស ចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។


លោកថ្លែងទៀតថា ប្រសិនបើមិនមានចំណាត់ការភ្លាមៗទាន់ពេលទេ ច្បាស់ណាស់វានឹងបំផ្លាញឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ ដែលកំពុងទាក់ទាញទេសចរពីគ្រប់ទិសទី ហើយវាក៏ នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅទីនោះ នៅពេលដែលគ្មានភ្ញៀវទេសចរ។ លើសពីនេះទៅទៀត វាក៏នឹងប៉ះពាល់ដល់កិត្យានុភាពជាតិផងដែរ ព្រោះថា ឆ្នេរ សមុទ្រកម្ពុជា បានជាប់ចំណាត់ថ្នាក់ ជាឆ្នេរសមុទ្រស្អាតបំផុតក្នុងពិភពលោក។


ជាមួយគ្នានេះដែរ កាលពីម្សិលមិញ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានបង្ហាញពីការ គាំទ្រ និងអបអរសាទរចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ ហើយពួកគេសង្ឈឹមថា ក្រសួងជំនាញពាក់ព័ន្ធនឹងមានវិធានការផ្លូវច្បាប់ចំពោះសកម្មភាពនេះ ។ តាមប្រភពព័ត៌មានសកម្មភាពចាក់ដីរំលោភឆ្នេរសមុទ្រនេះ គឺធ្វើឡើងដោយក្រុមហ៊ុនរបស់លោកជំទាវឧកញ៉ា ជឹង សុភាព ហៅយាយ ភូ ដែលជាមហាសេដ្ឋីលំដាប់កំពូលមួយរូបនៅស្រុកខ្មែរ។


បើតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍនៅតំបន់ឆ្នេរព្រែកត្រែងបានបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរនៃព្រះរាជានាចក្រកម្ពុជា ដែលចុះថ្ងៃទី ៣ខែកុម្ភៈ ឆ្នាំ ២០១២ ដោយអនុញ្ញាតឲ្យគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ។ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសស្ថិតក្នុងគម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវនៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ដ ពីសំណាក់ភ្ញៀវទេសចរផងដែរ។


សូមបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជាមានប្រវែងសរុបប្រមាណ ៤៤០គីឡូម៉ែត្រ កាត់ខេត្ត៤ គឺកោះកុង ព្រះសីហនុ កំពត និងកែប ហើយឆ្នេរសមុទ្រកម្ពុជាត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក កាលពីថ្ងៃទី២២ មករា ឆ្នាំ២០១១។
យោងតាមរបាយការណ៍ទេសចរអន្តរជាតិទៅកម្សាន្តតំបន់ឆ្នេរសមុទ្រកម្ពុជា រយៈពេល ៧ខែ ឆ្នាំ ២០១៨នេះ មានប្រមាណជាង ៥៨ម៉ឺននាក់ បានកើនឡើង ៣៤,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។


តាមការព្យាករណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៦លាននាក់ នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួលបានទេសចរអន្តរជាតិប្រមាណ ៣លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម