Connect with us

សម្ដេច ហ៊ុន សែន៖ រដ្ឋ គ្រោងបញ្ចេញទុនបម្រុង៦០០លានដុល្លារ សម្រាប់ជួយធនាគារឯកជន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល គ្រោងនឹងបញ្ចេញថវិការបម្រុងចំនួន ៥០០-៦០០ លានដុល្លារអាមេរិក សម្រាប់ធនាគារឯកទេសខ្ចី ក្នុងអត្រាការប្រាក់ទាប ហើយធនាគារទាំងនោះ នឹងយកទៅឱ្យអ្នកធ្វើអាជីវកម្មដោយការប្រាក់ទាបដែរ អំឡុងពេលដែលកម្ពុជា កំពុងជួបនូវវិបត្តិជំងឺកូវីដ១៩។

ប្រសាសន៍របស់សម្ដេច តេជោ បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា បន្ទាប់ពីទទួលនូវកម្ចីពីរាជរដ្ឋាភិបាល ធនាគារឯកទេស អាចនឹងផ្ដល់កម្ចីសម្រាប់ប្រជាពលរដ្ឋ ដែលជួបការលំបាក ជាមួយអត្រាការប្រាក់ទាបផងដែរ។ សម្ដេចបានបញ្ជាក់ថា វិធានការការបញ្ចេញទុនបម្រុងនេះ កំពុងស្ថិតនៅក្នុងការសិក្សានៅឡើយ។ នេះជាការអំពាវនាវដើម្បីបន្ធូរបន្ថយអំឡុងការលំបាក។

សូមជម្រាបថា នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួនតែ០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០៧នាក់ ខណៈមានអ្នកជាសះស្បើយថ្មីពីជំងឺកូវីដ១៩ចំនួន២នាក់ សរុបកើនដល់២៣នាក់ និងកំពុងសម្រាកព្យាបាល៨៤នាក់ នៃអ្នកឆ្លងសរុប១០៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com