Connect with us

ក្រសួងអប់រំបញ្ជាក់ថា ពុំមានការផ្ទេរវិទ្យាល័យព្រះស៊ីសុវត្ថិ ទៅឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រង និងប្តូរឈ្មោះថ្មីនោះទេ

ជុំវិញនឹងព័ត៌មានការលក់ទីតាំងវិទ្យាល័យព្រះស៊ីសុវត្ថិទៅឲ្យឯកជនគ្រប់គ្រង និងប្តូរឈ្មោះទៅជាសាលាជំនាន់ថ្មីនេះ ត្រូវបាន ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានច្រានចោលនូវព័ត៌មានទាំងនេះ ហើយចាត់ទុកថាជាព័ត៌មានមិនពិត និងបំពុលសង្គម។ ដើម្បីចៀសវាងការភ័ណច្រឡំទៀត ឯកឧត្តម បានធ្វើការពន្យល់ថា សាលារៀនជំនាន់ថ្មី (NGS) គឺជាកម្មវិធីកំណែទម្រង់ប្រព័ន្ធអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាមាគ៌ាអភិវឌ្ឍន៍ថ្មីមួយនៅក្នុងប្រព័ន្ធអប់រំនាពេលបច្ចុប្បន្ន ដែលជួយបង្កើតសាលារៀនសាធារណៈស្វយ័ត។


ឯកឧត្តមបានបញ្ជាក់ថា គំនិតសម្រាប់ការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំត្រូវផ្តួចផ្តើមឡើងដំបូងដោយអង្គការ KAPE ដែលជាអង្គការក្នុងស្រុកធំបំផុតដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្ពុជា ហើយក្រោយអង្គការនេះត្រូវបានអនុម័ត និងត្រូវបានឧបត្ថម្ភថវិកាដោយក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីសាកល្បងរបស់ពួកគេដែលជាគំនិតផ្តួចផ្តើមសាលា Beacon ត្រូវបានស្ថាបនាឡើងនៅឆ្នាំ ២០១៤ នៅខេត្តកំពង់ចាមហើយនៅពេលដែលកម្មវិធីមានការពង្រីកធំទៅៗ សាលានេះក៏ក្លាយជាសាលាជំនាន់ថ្មីនេះឯង។


ឯកឧត្តមអ្នកនាំពាក្យបានបន្តថា គោលបំណងរបស់ NGS គឺការបង្កើតសាលារដ្ឋដែលរក្សាបាននូវស្តង់ដារនៃការអប់រំបានខ្ពង់ខ្ពស់បំផុតតាមរយៈការវិនិយោគថវិកាច្រើន។ NGS ផ្តោតទៅលើការពង្រឹងតម្លាភាព និងទទួលខុសត្រូវដោយការផ្លាស់ប្តូរវិធីគ្រប់គ្រងសាលា។ នេះគឺជាការខុសប្លែកពីវិធីសាស្ត្រប្រពៃណីរបស់រដ្ឋាភិបាលដែលរមែងតែងតែបែងចែកមូលនិធិស្មើៗគ្នាទាំងអស់។


ឯកឧត្តមបានបន្ថែមថា សាលាជំនាន់ថ្មីព្យាយាមដោះស្រាយបញ្ហានេះដោយការលុបបំបាត់ការអនុវត្តបែបនេះទាំងស្រុង។ គ្រូបង្រៀនត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាការផ្តល់អាហារូបករណ៍ដើម្បីពង្រឹងគុណធម៌ក្នុងការបង្រៀន និងសុចរិតភាព។
គេបានសង្កេតឃើញថា នៅក្នុងបរិយាកាសថ្មីនេះគ្រូបង្រៀនលែងមានការប្រកួតប្រជែងជាមួយគ្នាដើម្បីទាក់ទាញអតិថិជនដែលជាសិស្សនោះទេ ហើយវាធ្វើឲ្យការពង្រឹងគុណភាពនេះប្រព្រឹត្តទៅដោយរលូន។


ម៉្យាងវិញទៀត ប្រសិនបើមិនមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងសាលារៀនទេនោះ សម្ភារបរិក្ខារដូចជាបន្ទប់ពិសោធវិទ្យាសាស្ដ្រនឹងមិនត្រូវបានប្រើប្រាស់ឲ្យអស់ពីសមត្ថភាពទេ ពីព្រោះគ្រូបង្រៀនរវល់តែស្វិតស្វាញក្នុងការបង្រៀនគួរយកលុយក្រៅម៉ោងវិញ និងមានភាពលម្អៀងទៅលើសិស្សរៀនគួរជាងសិស្សដែលមិនមានលុយរៀនគួរ។

តាមការបញ្ជាក់ពីឯកឧត្តម រស់ សុវាចា បានឲ្យដឹងថា លោក មូល ស៊ុយហេង ត្រូវបានផ្ទេរភារកិច្ចពីនាយកវិទ្យាល័យព្រះស៊ីសុវត្ថិ ទៅកាន់ការងារកម្រិតជាតិនៅនាយកដ្ឋានមធ្យមសិក្សាចំ ណេះទូទៅរបស់ក្រសួងវិញ។
សូមជម្រាបថា គិតមកទល់នឹងពេលនេះ ក្រសួងអប់រំបានបញ្ចូលកម្មវិធីសិក្សាថ្មី ឬហៅថា សាលាជំនាន់ថ្មីបានចំនួន ១០ទីតាំង នៅទូទាំងប្រទេស ដោយមាននៅរាជធានីភ្នំពេញ ខេត្ត កណ្តាល កំពង់ចាម ស្វាយរៀង និងខេត្តកំពង់ស្ពឺ។ ប៉ុន្តែសម្រាប់សាលាព្រះស៊ីសុវត្ថិបានបញ្ចូល កម្មវិធីនេះ កាលពីខែកញ្ញា ឆ្នាំ ២០១៦មកម្លេះ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម